ក្រុមហ៊ុន អ អិម អេ ខេមបូឌា ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលដឹកនាំដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាននាំយកអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារដែលបានរងគ្រោះដោយសារទឹកជំនន់ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលរួមមានៈ អង្ករ ១០ តោន ទឹកត្រី ៥០០ យួរ ទឹកស៊ីអ៊ីវ ៥០០ យួរ ត្រីខរកំប៉ុង ៥០០ យួរ មុង ៥០០ ភួយ ៥០០ និងកន្ទេល ៥០០ ។
ដែលក្នុងមួយគ្រួសារទទួលបាន ៖
• អង្ករ ២០ គីឡូក្រាម
• ទឹកត្រី ១ យួរ
• ទឹកស៊ីអ៊ីវ ១ យួរ
• ត្រីខរកំប៉ុង ១ យួរ
• មុង ១
• ភួយ ១
• កន្ទេល ១
ការចុះចែកអំណោយគឺដើម្បីឆ្លើយតប និង ការជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការប៉ះពាល់នៃទឹកជំនន់នេះ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបានគិតគូរពីប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកមួយនេះ ហើយទង្វើទាំងនេះស្តែងអោយឃើញថាក្រុមហ៊ុន អ អិម អេ ខេមបូឌា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក ដោយមិនប្រកាន់នូវវណ្ណះ ពូជសាសន៍ ពណ៍សំបុរនោះទេ» ។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាអំណោយទាំងនេះពិតជាអាចជួយសម្រួលដល់ការរស់នៅរបស់បងប្អូនដែលកំពុងជួបគ្រោះទឹកជំនន់នេះបានមួយផ្នែកធំ ហើយខ្ញុំសង្ឃឹមថាទឹកជំនន់នេះនឹងបាត់ទៅវិញឆាប់ៗនេះ ជូនពរបងប្អូនទាំងអស់គ្នាទទួលបានសុខសុវត្ថិភាព និងជំនះអោយបាននូវទុក្ខលំបាកមួយនេះ» ។
ក្រៅពីការធ្វើអាជីវកម្ម ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការកសាងអាគារសិក្សា បណ្ណាល័យ អណ្តូងទឹកស្អាត ឧបត្ថម្ភសម្ភារៈសិក្សា ដាំដើមឈើ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និង ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ការជួសជុលកែលំអរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងកិច្ចការថែរក្សាបរិស្ថានផងដែរ។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង ៥០ ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និង សិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និង អនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ។
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន RMA Cambodia បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២ គ្រឿង ផងដែរ ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Ford បានប្រារព្ធពិធីប្រគល់រថយន្ត Ford ចំនួន ៤ គ្រឿង និង ដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford ជូនដល់សាលាបច្ចេកទេសឧស្សាហកម្ម ហើយនៅក្នុងឆ្នាំ ២០២០ នេះផងដែរក្រុមហ៊ុន RMA Cambodia ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺការបន្តប្រគល់នូវរថយន្ត Ford Pick up ឲ្យបានចំនួន ១០ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន ៤ គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាបចំនួន២គ្រឿង ។