សេចក្តីប្រកាសព័ត៌មានស្តីពី៖ យុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀន
ដើម្បីធានាថា ចំណីអាហារនៅក្នុងសាលារៀនមិនមានសារធាតុគីមី និង មានអនាម័យល្អ និង ធានាថាសិស្សានុសិស្សមិនទទួលរងផលប៉ះពាល់អវិជ្ជមានពីចំណីអាហារក្នុងសាលារៀន ជាពិសេសសាលារៀននៅតាមបណ្ដាខេត្តនានា និង តំបន់ដាច់ស្រយាល ក្រសួងបានចេញសេចក្តីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ ស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និង សុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ដែលក្នុងនោះចំណីអាហារត្រូវហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា មានដូចជា ៖ ១. អាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ, ២. គ្រឿងស្រវឹង និង ផលិតផលថ្នាំជក់គ្រប់ប្រភេទ, ៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈមានរសជាតិផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទ, ៥. ស្ករសូកូឡា ស្ករគ្រាប់ និង ស្ករកៅស៊ូ គ្រប់ប្រភេទ, ៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ និង នំផ្អែមខ្លាំង ។
ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយក្រុមហ៊ុន MSA និង ក្រុមហ៊ុន KBSK និង ក្រុមហ៊ុន KINO CAMBODIA នឹងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ។ គោលបំណងចម្បងនៃយុទ្ធនាការនេះគឺផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់អ្នកពាក់ព័ន្ធសំខាន់ៗដូចជាគណៈកម្មការគ្រប់គ្រងសាលារៀនឬនាយកសាលារៀន និង អ្នកលក់ចំណីអាហារនៅក្នុងសាលារៀនទាំងអស់ដើម្បីឱ្យពួកគាត់មានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និង ត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវរាល់ចំណីអាហារដែលមាននៅក្នុងសាលារៀន ។ យុទ្ធនាការនេះនឹងបញ្ជ្រាបចំណេះដឹងដល់អ្នកលក់ដូរ ដែលជាគោលដៅសំខាន់ ឱ្យបានយល់ដឹងអំពីការរក្សាក្បួនអនាម័យក្នុងការលក់ដូរ និង ការហាមលក់ដូរចំណីអាហារដែលអាចបង្កឱ្យមានបញ្ហាសុខភាពដល់សិស្ស ជាពិសេសកុមារតូចៗ ។
គួរឱ្យដឹងដែរថា យុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀននេះ នឹងធ្វើឡើងនៅគ្រប់ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយជំហានដំបូងគឺផ្តើមធ្វើឡើងនៅតាមបណ្តាខេត្តក្រុងចំនួន ៥ មានដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ និង ខេត្តកណ្តាល ។
ដោយឡែកសម្រាប់នៅក្នុងរាជធានីភ្នំពេញគឺជាគោលដៅចាប់ផ្តើមយុទ្ធនាការមុនគេ ដោយបានប្រារព្ធឡើងនៅក្នុងសាលាបឋមសិក្សា ព្រះនរោត្ដម ស្ថិតក្នុងខណ្ឌដូនពេញ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡានាថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៨ ព្រឹក និង ទៅកាន់សាលាបឋមសិក្សាអង្គរបានស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ១ និង ៣០ នាទីរសៀល ។
យុទ្ធនាការនេះនឹងបន្តទៅកាន់សាលាបឋមសិក្សាផ្សារស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៨ ព្រឹក បន្ទាប់មកទៀតគឺឆ្ពោះទៅកាន់សាលាបឋមសិក្សាឃ្លាំងលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៨ ព្រឹក និង ចុងក្រោយនៅក្នុងបរិវេណសាលាបឋមសិក្សាបាគូរស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៨ ព្រឹក នៅទីតាំងទាំងបីនេះនឹងមានការអញ្ជើញចូលពីសំណាក់ លោកជំទាវរដ្ឋលេខាធការ និង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតីក្នុងយុទ្ធនាការនេះ ។
ឯកសារសម្រាប់ផ្សព្វផ្សាយក្នុងយុទ្ធនាការនេះរួមមាន៖ ខិតបណ្ណ ផ្ទាំងរូបភាពបដាវែង និងវីដេអូខ្លី ស្តីពីចំណីអាហារ៦ ប្រភេទដែលហាមមិនឱ្យមាននៅក្នុងសាលារៀន។ សូមទាញយកតំណ (Link) ស្តីពីចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាទាំង ៦ ប្រភេទ ។https://www.facebook.com/moeys.gov.kh/videos/2845184325533321/UzpfSTEwMDAwMDU0OTE1MjA5MDozMDk1MjY1NTEwNTAxNzI0/
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគ្រប់ គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី អ្នកអាណាព្យាបាល និង អ្នកលក់ចំណីអាហារនៅតាមសាលារៀនព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាប និង ចូលរួមយុទ្ធនាការនេះជាមួយក្រសួងអប់រំ យុវជន និង កីឡាឱ្យបានល្អប្រសើរកុំបីខានឡើយ ។
ថ្ងៃសុក្រ ៩កើត ខែ បុស្សឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២០