លើកដំបូង ក្រុមហ៊ុនហុងដា បង្កើតកម្មវិធីប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមពីក្រុមហ៊ុនហុងដា
ភ្នំពេញ ថ្ងៃទី ២២ ខែធ្នូ ២០១៩ ៖ ហុងដាគឺជាម៉ាកម៉ូតូនាំមុខគេលើចំនួននៃការប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដោយសារតែផលិតផលលេខមួយ និង ទទួលបានការគាំទ្រខ្ពស់នោះ ដូច្នេះជាងក៏ត្រូវឆ្នើមដូចគ្នាដែរ ។
ដើម្បីលើកទឹកចិត្តម្ចាស់សាខា និង ជំរុញជាងឱ្យមានការប្រកួតប្រជែងក្នុងគោលដៅពង្រឹងសមត្ថភាពជំនាញរបស់ខ្លួន ក្រុមហ៊ុនហុងដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្កើតកម្មវិធីប្រឡងជ្រើសរើសជាងម៉ូតូឆ្នើមថ្នាក់ជាតិឡើងហើយជាងឆ្នើមដែលជាប់ក្នុងការជ្រើសរើសនេះក៏នឹងមានឱកាសបានចូលរួមក្នុងកម្មវិធីប្រឡងជ្រើសរើសជាងថ្នាក់តំបន់ និង កម្រិតពិភពលោកទៀតផង ។
កម្មវិធីប្រឡងជ្រើសរើសជាងឆ្នើមហុងដាបានធ្វើឡើងក្រោយអធិបតីភាពលោក បែន កៀស្រ៊ីថាណាកន អគ្គនាយកក្រុមហ៊ុន អិន ស៊ី អិច លោកស្រី ឃីង កាម៉ុនកែវទ្រីវង់ ប្រធានផ្នែកសេវាកម្មប្រចាំ អេ អេស អេក (ASH) និង លោក ស៊ីហ្គឺរី យាម៉ាដា ប្រធានចាត់ការទូទៅផ្នែកសេវាកម្មក្រោយការលក់ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុនហុងដាមួយចំនួនទៀតប្រចាំប្រទេសកម្ពុជា ដែលបានធ្វើឡើងធ្វើឡើងរយៈពេលមួយថ្ងៃពេញ នៅថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ឆ្នាំ ២០១៩ នៅទីតាំងក្រុមហ៊ុនហុងដា ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
លោក ស៊ីហ្គឺរី យាម៉ាដា ប្រធានចាត់ការទូទៅផ្នែកសេវាកម្មក្រោយការលក់បានថ្លែងថា នៅឆ្នាំ ២០១៩ នេះ ជាលើកទីមួយ ដែលក្រុមហ៊ុន អិន ស៊ី អិច បានបង្កើតឱ្យមានកម្មវិធីប្រឡងជ្រើសរើសសមត្ថភាពជាងថ្នាក់ជាតិ ក្នុងគោលបំណងលើកកម្ពស់ជំនាញបច្ចេកទេស ដល់ជាងរបស់សាខាលក់ម៉ូតូហុងដា ។ ការប្រកួតប្រជែងនេះចែកចេញជាពីរដំណាក់កាលគឺវគ្គជម្រុះ និង វគ្គផ្តាច់ព្រ័ត្រ ។ វគ្គជម្រុះប្រកួតផ្តោតលើទ្រឹស្តី និង វគ្គផ្តាច់ព្រ័ត្រមានការបញ្ជូលគ្នាទាំងទ្រឹស្តី និង ការអនុវត្តន៍ ។
លោក ស៊ីហ្គឺរី យាម៉ាដា បានបន្តទៀតថា ដោយសារទីផ្សារម៉ូតូ និង ចំនួនអតិថិជនប្រើប្រាស់ម៉ាកម៉ូតូហុងដាមានការកើនឡើងច្រើននោះ ដូច្នេះសេវាកម្មក្រោយការលក់បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាការពារការពេញចិត្តក៏ដូចជាទំនុកចិត្តរបស់អតិថិជន ។ ម្យ៉ាងទៀតដើម្បីបំពេញនូវតម្រូវការបន្ថែមរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បានចេញលក់ម៉ូដែលថ្មីជាមួយបច្ចេកទេសទំនើបៗជាច្រើនទៀតនៅលើទីផ្សារ ។ ទន្ទឹមគ្នានេះដោយសារតែមានតម្រូវការលើកការជួសជុលលើបច្ចេកវិទ្យាថ្មីៗទាំងនោះ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាល (Host) ហូស៍ ដល់ជាងនៅតាមសាខាទាំងអស់ ដើម្បីធានាបាននូវសេវាកម្មដែលមានគុណភាពខញបស់ប្រកបដោយសុវត្ថិភាព និង ទំនុកចិត្តដល់អតិថិជន ។
គួរឱ្យដឹងដែរថា ក្រោយការប្រឡងជ្រើសរើសរួច ជាងឆ្នើម ៣ រូបត្រូវបានរកឃើញ ដោយចំណាត់ថ្នាក់លេខ ១ ទទួលបានពានរង្វាន់មួយ និង ទឹកប្រាក់ ៣ លានរៀល, ចំណាត់ថ្នាក់លេខ ២ ទទួលបានពានរង្វាន់មួយ និង ទឹកប្រាក់ ២ លានរៀល និង លេខចំណាត់ថ្នាក់លេខ ៣ ទទួលបានពានរង្វាន់មួយ និង ទឹកប្រាក់ ១ លានរៀល ។ ក្នុងនោះបេក្ខជន ២០ នាក់ផ្សេងទៀត រួមនឹងម្ចាស់សាខា ក៏ទទួលបានវិញ្ញាបណ្ណបត្រ និង រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនហុងដាផងដែរ ។
បញ្ជាក់៖ សម្រាប់បេក្ខជនចំណាត់ថ្នាក់លេខ ១ និង លេខ ២ ត្រូវជ្រើសរើសជាតំណាងក្រុមហ៊ុន អិន ស៊ី អិច ដើម្បីចូលរួមប្រកួតថ្នាក់តំបន់នៅប្រទេសថៃ នាខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខ ៕