ភីអិនអិនបន្ថែមម៉ោងចាក់ផ្សាយរឿងភាគខ្មែរ លើកកម្ពស់ឧស្សាហកម្មភាពយន្តនៅកម្ពុជា (វីដេអូ)
កាលពីខែវិច្ឆិកាកន្លងទៅ ស្ថានីយ៍ទូរទស្សន៍ PNN បានបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែររបស់ខ្លួនក្នុងម៉ោងមាសរួចជាស្រេចហើយ ដែលចាក់ផ្សាយក្នុងរយៈពេល ១ ម៉ោង និង ៣០ នាទី ចាប់ពីម៉ោង ៧ និង ៣០ នាទី ដល់ ៩ យប់ មានដូចជារឿង «តួគេ ខ្ញុំសម្តែង» និង រឿង «អ្នកម៉ាក់វ័យក្មេង» ។ ដោយឡែក ឈានចូលដល់ខែមករា ឆ្នាំ២០២០ ខាងមុខនេះ PNN នឹងបន្ថែមការចាក់ផ្សាយភាពយន្តភាគខ្មែរបន្ថែមទៀតដោយមានដូចជារឿង «បំណុលម្តាយ», និង រឿង «អ្នកម៉ាក់វ័យក្មេង» ចាប់ពីម៉ោង ០៧ យប់ រហូតដល់ ០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។ ដូចនេះ ទស្សនិកជនអាចទស្សនារឿងភាគខ្មែរបានពីររឿង រយៈពេលពីរម៉ោងនេះ ។
ជាមួយនឹងការបន្ថែមម៉ោងផ្សាយនេះដែរ គឺបានសបញ្ជាក់ឱ្យឃើញថា PNN ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមលើកស្ទួយវិស័យឧស្សាហកម្មទូរទស្សន៍នៅកម្ពុជា ។ ក្នុងបំណងនេះ PNN នឹងវិនិយោគទឹកប្រាក់ដល់ទៅខ្ទង់លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងមួយឆ្នាំៗ ដើម្បីអនុវត្តន៍គម្រោងផែនការរបស់ខ្លួន ។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៩ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលជាស្ថានីយ៍ទូរទស្សន៍មួយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ធ្លាប់បានដាក់ការវិនិយោគលើភាពយន្តខ្មែរក្នុងទឹកប្រាក់ខ្ទង់លានដុល្លាររួចទៅហើយចាប់តាំងពីបើកដំណើរការកាលពីនៅឆ្នាំ ២០១៤ មកម្ល៉េះ ។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងការផ្សាយរបស់ភីអិនអិនបានបញ្ជាក់ថា ៖ កន្លងមករឿងជាច្រើនដូចជា «រឿងភក្ដីស្នេហ៍ទ្វេរភព,រឿងពស់កេងកង ,រឿងសមុទ្រទឹកភ្នែករឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់និងខ្សែរឿងខ្មែរយើងមួយទៀតនោះគឺរឿង«ភរិយាសម័យថ្មី» សុទ្ធសឹងតែជារឿងភាគខ្មែរដែលទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តទូរទស្សន៍ភីអិនអិន។
កញ្ញាបានឱ្យដឹងបន្តទៀតថាស្ថានីយ៍ទូរទស្សន៍ភីអិនអិន បាននឹងកំពុងផលិតខ្សែភាពយន្តភាគខ្មែរប្រមាណជា៥០០ម៉ោងសម្រាប់ឆ្នាំ២០២០មានដូចជា រឿង«សង្គ្រាមមរតក», «អ្នកទី៣», និងរឿង«ឥទ្ធិពលស្នេហ៍ក្នុងបណ្តាសារភ្លើង»ជាដើម។ ទន្ទឹមនឹងនេះដែរ វត្តមានតារាកម្ពុជាដែលរំពឹងនឹងចូលរួមសម្តែងរួមមានលោកអេតវីនលោក ខាត់ វៃហាងកញ្ញា ស៊ិន យូប៊ិនកញ្ញាចេឡាង លោកលឹមជាឡាយ កញ្ញាដួងម៉ានិចប្រុស ខួច និង ឃឹម សានិត ។
សូមបញ្ជាក់ថា ភាពយន្តភាគខ្មែរ «តួគេខ្ញុំសម្តែង និង រឿង «អ្នកម៉ាក់វ័យក្មេង» ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍PNN ចាប់ពីម៉ោង ៧ និង ៣០ នាទី ដល់ម៉ោង ៩ យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ។
សូមទស្សនាវីដេអូខាងក្រោម៖