ដំណើរកម្សាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ ២០១៩ (FORD ADVENTURE 2019)
ឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងប្រទេសកម្ពុជា និង ទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។
ភ្នំពេញ ថ្ងៃទី ២៣ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ៖ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អអិមអេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និង ទីកុ្រងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួន ១៣០ គ្រឿង ។ ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៩ នេះ រៀបចំដោយក្រុមហ៊ុន អអិមអេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និង ឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជាក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola,ធនាគារ KB Daehan Specialized Bank Plc ហើយក៏មានការចូលរួមសហការជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និង ក្រុមហ៊ុន Cooper Tire ។
គួរបញ្ជាចាក់ផងដែរ ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៩ ក៏មានការសហការចូលរួមពីសំណាក់ក្រុមហ៊ុនឯកទេសបិត Sticker ថ្លាការពារថ្នាំរថយន្ត Sticker City និង ហាងនំបុ័ងបាយ័ន ក្នុងដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ នេះមានរយៈពេល ៤ ថ្ងៃ ៣ យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានអ្នកដំណើរប្រមាណ ៦០០ នាក់ ដែលអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធបោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវថែមទៀតផង ។
ដំណើរកម្សាន្តនេះបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ ២០១០ និង ឆ្នាំ ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ ២០១៦ ទៅកាន់ខេត្តបុរីរាម ឆ្នាំ ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា និងឆ្នាំ ២០១៨ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។
លោក ម៉ៃឃើ ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា «ក្រុមហ៊ុន Ford Cambodia រៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន Ford ទាំងអស់ដែលបានគាំទ្រក្រុមហ៊ុន Ford និង ដើម្បីឱ្យអតិថិជនបានធ្វើដំណើរកម្សាន្តចុងឆ្នាំជាមួយមិត្តភក្តិ និង ក្រុមគ្រួសារផងដែរ ។ នេះជាឱកាសដ៏អស្ចារ្យមួយដើម្បីឲ្យអ្នកបានស្គាល់ រាប់អានមនុស្សថ្មីៗជាច្រើន និង បានធ្វើការណែនាំ ចែករំលែកអំពីបទពិសាធក្នុងអាជីវកម្មរបស់អ្នក រួមជាមួយដំណើរកម្សាន្តបោះជំរុំដ៏អស្ចារ្យ ហើយសំខាន់បំផុតគឺទទួលបានបទពិសោធបើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford» ។
លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៩ នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះនឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត ។ លោកបានមានប្រសាសន៍ថា «ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៩ នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង១៣០ គ្រឿង ធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើឱ្យអតិថជន FORD ទទួលបានបទពិសោធក្នុងការបើកបរ និង ទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និង ប្រទេសឡាវផងដែរ ។
លោក Leang Mardi, Senior Credit Manager នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន អអិម អេ ខេមបូឌា ក៏ដូចជាថ្នាក់ដឹកនាំ និង បុគ្គលិកហ្វដ ដែលផ្ដល់នូវទំនុកចិត្ត និង ភាពជឿជាក់ បានបើកឱកាសឱ្យធនាគារ KDSB បានធ្វើជាដៃគូក្នុងការផ្ដល់កម្ចីជូនគ្រប់អតិថិជនហ្វដទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹងសេវាកម្មរបស់ខ្លួនតាមរយៈ ការផ្ដល់អត្រាការប្រាក់ទាប សេវាអនុម័តឥណទានឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះគឺទទួលសិក្សាអតិថិជនហ្វដគ្រប់ ២៥ ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញរថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និង ពង្រីកមុខរបរជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ» ។
លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ និង ទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ធនៈ PTT Cambodia បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure2019 នេះ ។ បច្ចុប្បន្ន ក្រុមហ៊ុន PPT (Cambodia) មាន 74 សាខាស្ថានីយប្រេងឥន្ធនៈ រួមជាមួយនឹងហាងកាហ្វេ Amazon, ហាងលក់ទំនិញJiffy, បញ្ជរលក់អាហារ និង ភេស្ជជៈ និង បន្ទប់ទឹកស្អាតដែលមាននៅគ្រប់សា្ថនីយប្រេងឥន្ធនៈ PTT ។ យើងនៅតែបន្តពង្រីកសេវាកម្ម និងស្ថានីយរបស់យើងឲ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តាខេត្តនានា ដើម្បីឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និង សេវាកម្មរបស់យើង» ។
លោកស្រី ឡាវ ស្រីដែត, Country Commercial Director នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Colaបានមានប្រសាសន៍ថា «ក្រុមហ៊ុនកូកា-កូឡា មានក្តីសោមនស្សជាខ្លាំង ដែលបានក្លាយខ្លួនជាអ្នកឧបត្ថម្ភធំនូវភេសជ្ជៈសម្រាប់ កម្មវិធី Ford Adventure 2019 ។ ផលិតផលរបស់យើងតែងតែផ្តល់ជូនអ្នកពិសានូវភាពសប្បាយរីករាយ និង អារម្មណ៍ស្រស់ស្រាយនៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាសាកសមឥតខ្ចោះក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនេះ» ។
លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និង បុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia ៕