ការតាំងបង្ហាញផលិតផលកសិឧស្សាហ៍កម្មដ៏មានគុណភាពបំផុតរបស់ប្រទេសកូរ៉េ ក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ នេះគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការតាំងបង្ហាញផលិតផលកសិឧស្សាហ៍កម្មដ៏មានគុណភាពខ្ពស់បំផុតរបស់ប្រទេសកូរ៉េ ដែលហៅកាត់ថា Agri-Food Korea 2019 ក៏ដូចជាការប្រារព្ធនូវទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េផងដែរ ( The National Day of Republic of Korea (ROK) reception) ដោយធ្វើឡើងនាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។
គួរបញ្ជាក់ដែរថា លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋកូរ៉េ ជាអ្នកផ្តួចផ្តើម និង ដឹកនាំព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ ។ គោលបំណងសំខាន់នៃគឺដើម្បីប្រារព្ធពីទិវាបុណ្យជាតិរបស់សាធារណរដ្ឋកូរ៉េ និង ជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ។ អ្វីដែលកាន់តែពិសេសបន្ទាប់ពីការប្រារព្ធទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េរួចមកក៏នៅមានកម្មវិធីតាំងបង្ហាញផលិតផលកសិឧស្សាហ៍កម្មដ៏មានគុណភាពខ្ពស់ប្រចាំប្រទេសកូរ៉េ Agri-Food Korea 2019 ។
គោលដៅមួយផ្សេងទៀតគឺចង់ផ្តល់ឱកាសជូនបណ្តាញពាណិជ្ជកម្មជាច្រើនដោយធ្វើការជួបជុំគ្នា និង ផ្សារភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹងក្រុមហ៊ុនក្នុងស្រុកទៅកាន់រោងចក្រ សហគ្រាស និង អ្នកចែកចាយផលិតផលជាច្រើននៅប្រទេសកូរ៉េទៀតផង ។ គួររំឭកផងដែរថា មានក្រុមហ៊ុនចំនួន ២០ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍Agri-Food Korea 2019 ដោយមានការតាំងបង្ហាញនូវផលិតផលកសិឧស្សហ៍កម្មដ៏ច្រើនសម្បូរបែបរួមមានដូចជា យិនស៊ិន, ផ្លែឈើ, ភេសជ្ជៈ, ផលិតផលជំនួយសុខភាព និង ផលិតផលជាច្រើនប្រភេទទៀតផងដែរ ។ ព្រឹត្តិការណ៍ Agri-Food Korea 2019 រៀបចំដោយស្ថាតទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាដោយធ្វើការសហការជាមួយនឹងក្រុមហ៊ុន កសិឧស្សាហ៍កម្ម-ជលផល និង សាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ Korea Agro-Fisheries and Food Trade Corporation (aT) ព្រមទាំង Korea Trade-Investment Promotion Agency (KOTRA) ផងដែរ ។
សូមបញ្ជាក់ដែរថា មានក្រុមហ៊ុនក្នុងស្រុកប្រមាណជាង ៥០ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ដោយក្រុមហ៊ុនទាំងអស់នោះបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅផលិតផលជាច្រើនប្រភេទ ។ ជារួមក្នុងចំណោមកិច្ចប្រជុំក្រុមហ៊ុនពាណិជ្ជកម្មជាង ១៥០ អនុស្សរណៈយោគយល់ (MOU) ចំនួន ៥ ក៏ត្រូវបានចុះហត្ថលេខាផងដែរ !
ក្រៅពីកិច្ចប្រជុំពាណិជ្ជកម្ម និង ការភ្ជាប់ទំនាក់ទំនងជាមួយគ្នាក៏នៅមានកម្មវិធីបង្ហាញផ្សេងៗនៅស្តង់ Miracle bar ជាមួយនឹងស្រាក្រឡុកជាច្រើនប្រភេទ ច្រើនរសជាតិផ្សំពីផ្លែឈើ Omija និង Yuza ដោយរួមផ្សំជាមួយនឹងផលិតផលក្នុងស្រុកជាច្រើនផងដែរ ។ លើសពីនេះទៅទៀតក៏មានការបង្ហាញនូវការចម្អិនម្ហូបដោយប្រើគ្រឿងផ្សំរបស់ប្រទេសកូរ៉េដូចជា Gochujang នៅកំឡុងពេលព្រឹត្តិការណ៍តែម្តងដោយកំពូលមេចុងភៅដ៏ល្បីឈ្មោះមកពីអន្តរជាតិ Chef Nicholas Tang ទៀតផង ។ ដោយឡែកសម្រាប់រូបមន្តចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ និង អស្ចារ្យនេះក៏ត្រូវផុស (Post) ចូលក្នុងហ្វេសប៊ុក (Facebook: Nhamnhamkfood) ដែលរៀបចំដោយក្រុមហ៊ុន aT ដើម្បីជួយដល់ប្រជាជនកម្ពុជាទទួលបាននូវបទពិសោធនៃរសជាតិមុខម្ហូបដ៏អស្ចារ្យថ្មី…ប្លែកមិនធ្លាប់មានពីមុនមក ។
នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋកូរ៉េមានភាពសប្បាយរីករាយ និង រំភើបក្រៃលែងក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនក្នុងស្រុកដើម្បីស្វែងយល់ និង ទទួលបានបទពិសោធន៍ថ្មីពីផលិតផលកសិឧស្សាហ៍កម្មជាច្រើនប្រភេទផងដែរ ។ លោកឯកអគ្គរដ្ឋទូតស្តីទីKim Jimin ក៏បានបន្ថែមទៀ និង សង្ក់តធ្ងន់ថាព្រឹត្តិការណ៍នេះគឺជាឱកាសដ៏មានតម្លៃបំផុតក្នុងការរឹតចំណងមិត្តភាពឱ្យមានភាពកាន់តែរឹងមាំ បង្កើនទំនុកចិត្តក៏ដូចជាភាពស្មោះត្រង់រវាងប្រទេសទាំងពីរផងដែរ ។ “សាធារណរដ្ឋកូរ៉េ និង ព្រះរាជាណាចក្រកម្ពុជាគឺជាសញ្ញាណនៃកិច្ចសហការ, អភិវឌ្ឍន៍ទ្វេភាគីដ៏ល្អឥតខ្ចោះដែលមានស្រាប់ដោយប្រទេសទាំងពីរមានបច្ចេកវិទ្យា និង បច្ចេកទេសក្នុងការផលិតអាហារ ។ ជាពិសេសប្រទេសកម្ពុជាមានលក្ខខណ្ឌល្អប្រសើរដែលអាចឱ្យសាធារណរដ្ឋកូរ៉េ និង កម្ពុជាអាចជួយគាំទ្រគ្នាទៅវិញទៅមកបានដោយរលូនផងដែរ” ៕