អបអរសាទរបេក្ខជន ១០ រូប ដែលឈ្នះកម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ឆ្នាំ២០១៩ និង ទទួលបានសិទ្ធិចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី
កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ស៊ូបារុ តែមួយគត់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ជាលើកទី ៩ នៅមុខសកលវិទ្យាល័យភ្នំពេញអន្តរជាត ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ ។
បេក្ខជនចំនួន ៦០ រូប បានចុះឈ្មោះចូលរួមការប្រកួតក្នុងឆ្នាំនេះ ដោយជ្រើសរើសយកជ័យលាភីចំនួន ១០ រូបតែប៉ុណ្ណោះដែលដាក់បាតដៃលើរថយន្ត ស៊ូបារុ បានយូរជាងគេ នឹងទទួលបានសិទ្ធិចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី ជាមួយបេក្ខជនដែលឈ្នះមកពីបណ្តាប្រទេសផ្សេងៗក្នុងអាស៊ាន ដើម្បីឈ្នះរង្វាន់ធំ រថយន្ត Subaru XV ដ៏ថ្មីស្រឡាងមួយគ្រឿងដែលមានតំលៃ ៥៦,០០០ដុល្លារសហរដ្ឋអាមេរិច ។
ការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ គឺជាការប្រកួតដ៏លំបាក និងទាមទារឲ្យមានភាពអំណត់អត់ធ្មត់ដែលបេក្ខជនទាំងអស់តម្រូវឲ្យដាក់បាតដៃស្តាំលើរូបបាតដៃដែលបិទរួចជាស្រេចនៅលើរថយន្តរួមជាមួយលក្ខខណ្ឌ និងបទបញ្ញតិផ្សេងៗក្នុងពេលប្រកួត ។ ជាធម្មតាបេក្ខជនត្រូវឈរដាក់ដៃស្តាំរបស់ខ្លួននៅលើរថយន្តដែលបានកំណត់ ។ បេក្ខជននឹងត្រូវអនុញ្ញាតឲ្យសម្រាក ១០នាទីរាល់រយៈពេល ៦ម៉ោងម្តង ដើម្បីញុំាទឹក និង ប្រើប្រាស់បន្ទប់ទឹក ។ ទន្ទឹមនឹងនោះ ក្នុងពេលប្រកួតនឹងមានហ្គេមផ្សេងៗសម្រាប់លេងកំសាន្តផងដែរ ប្រសិនបើបេក្ខជនធ្វើខុសលក្ខខណ្ឌណាមួយ នឹងត្រូវជំរុះចេញពីការប្រកួតភ្លាមៗ ។ ការប្រកួតនេះនឹងបញ្ចប់បន្ទាប់ពីយើងអាចស្វែងរកបេក្ខជន១០រូបចុងក្រោយដែលឈរបានយូរជាងគេ ។
ការប្រកួតឆ្នាំនេះក៏មានលក្ខណៈស្វិតស្វាញមិនចាញ់ពីឆ្នាំមុនដែរប៉ុន្តែអ្វីដែរ ហើយអ្វីដែលពិសេសនោះគឺ បេក្ខជនមួយរូបដែលឈរដាក់បាតដៃ បានយូរចុងក្រោយគេបង្អស់ប្រចាំប្រទេសកម្ពុជា នៅក្នុងប្រទេសសិង្ហបុរី នឹងមានឱកាសឈ្នះទឹកប្រាក់ចំនួន ១ពាន់ដុល្លារសិង្ហបុរី ពីក្រុមហ៊ុនផ្ទាល់ ។
នៅឯប្រទេសសិង្ហបុរី បេក្ខជនដែលចូលរួមប្រកួតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ផ្សេងទៀត ដូចជា រង្វាន់ប្រចាំប្រទេស (សម្រាប់បេក្ខជនណាដែលឈរបានយូរជាងគេប្រចាំប្រទេសរបស់ខ្លួន) រង្វាន់ប្រចាំអាស៊ាន (បេក្ខជនដែលឈរបានយូរជាងគេប្រចាំតំបន់ដោយមិនរាប់បញ្ចូលប្រទេសសិង្ហបុរី) និងរង្វាន់ជាក្រុមសំរាប់ប្រទេសណាដែលឈរបានយូរជាងគេ (យកពេលវេលាដែលបេក្ខជនម្នាក់ៗឈរបូកបញ្ចូលគ្នាដើម្បី បានពេលវេលាជាក្រុម) ។ កម្មវិធីនេះទទួលបានការឧបត្ថម្ភដោយ S-Cool, Pocari Sweat, KBSKនិងDasani៕