ក្រុមហ៊ុន នភាល័យ រៀបចំកម្មវិធី «សង្ឃឹមថ្ងៃមួយ» ឡើងកក្រើក City Hall កោះពេជ្រ !
កាលពីថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន នភាល័យ បានរៀបចំកម្មវិធីដ៏ពិសេស «Don’t give up your dream» ឬ «សង្ឃឹមថ្ងៃមួយ» នៅ City Hall កោះពេជ្រ ដែលប្រារព្ធឡើងក្នុងគោលបំណងចូលរួមចំណែកជួយដល់សង្គមក្នុងការអភិរក្ស និង អភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិខ្មែរឱ្យមានជីវិតរស់រវើក តាមរយៈការផ្តល់ឱកាសដល់សិល្បករ សិល្បការិនី ដែលជាមរតកមនុស្សរស់ ក៏ដូចជាសិល្បករវ័យក្មេងជំនាន់ក្រោយឱ្យបានចូលរួមកាន់តែសកម្ម ។
កម្មវិធីដ៏ឱឡារឹកនោះ បានប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ព្រឿង ឈៀង ទីព្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងសិល្បករ-ការិនីទាំងជំនាន់មុន និង ជំនាន់ក្រោយជាច្រើនរូប ។ ក្នុងនាមជាប្រធានក្រុមហ៊ុននភាល័យ លោក សែជូ សេរីវឌ្ឍនា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្សទៅអ្នកជំនាន់ក្រោយ ជាពិសេសអាចផ្សព្វផ្សាយ អប់រំសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយដល់សាធារណជន ។
នេះជាលើកទីពីរហើយដែលក្រុមហ៊ុន នភាល័យ បានរៀបចំកម្មវិធីក្រោមប្រធានបទ «តកញ្ញូចំពោះវប្បធម៌» នេះឡើង ដោយលើកទីមួយ គឺការប្រារព្ធពិធីក្រុងពាលីនៅថ្ងៃ ០៩ ខែកក្ដដា ឆ្នាំ ២០១៩ ក្នុងបុរីជីបម៉ុងលែន គេហដ្ឋានរបស់ប្រធានក្រុមហ៊ុន នភាល័យ ផ្ទាល់ ។ ដោយឡែកក្នុងកម្មវិធីលើកទីពីរនេះ នភាល័យ បានរៀបចំតុបតែងលម្អជាមួយផ្កាចម្រុះពណ៌បែបទម្រង់សិល្បៈបុរាណលាយសម័យ មានក្បូរក្បាច់ចរនាយ៉ាងប្រណីត អមជាមួយការសម្ដែងផ្ទាំងទស្សនីយភាព ទាំងចម្រៀងបុរាណ និង សម័យយ៉ាងជក់ចិត្ត ។
ទន្ទឹមនឹងនេះ កម្មវិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន និង សប្បាយរីករាយជាទីបំផុត ដោយមានការរាំច្រៀងពីសំណាក់សិល្បករបុរាណ និង សម័យយ៉ាងផុសផុល ធ្វើឱ្យកក្រើក City Hall កោះពេជ្រកាលពីរាត្រីថ្ងៃទី ២៣ កក្ដដា កន្លងទៅ ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន នភាល័យ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី រួមមានក្រុមហ៊ុន ឡាក់វ៉ា ឌីហ្សាញ ព្រីនធីង អេន អេតវើថាយស៊ីង និង ក្រុមហ៊ុន ពលវ: អ៊ីមផត អ៊ិចផត ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរបីរូប រួមមាន លោក សែជូ សេរីវឌ្ឍនា លោក ជីវ៉ា និង លោក ហេង ច័ន្ទណារ៉េត ដើម្បីធ្វើការសិក្សា និង បង្ហាញពីរថយន្តគ្រប់ប្រភេទតាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ៕