ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួម “ទិវាធានារ៉ាប់រង” លើកទី ១
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុង “ទិវាធានារ៉ាប់រង” ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា និង ជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង ។
ភ្នំពេញ ថ្ងៃទី ២៥ កក្កដា ២០១៩ ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានផ្តួចផ្តើម និង រៀបចំ “ទិវាធានារ៉ាប់រង” ២០១៩ ដែលនេះគឺជាឆ្នាំទី១ ហើយនៃការប្រារព្ធទិវានេះ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយនៅកម្ពុជាមានមោទនភាពណាស់ដែលបានចូលរួមក្នុងទិវានេះ រួមជាមួយនឹងបណ្តាក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាដទៃជាច្រើនទៀត ។ កម្មវិធីដ៏អធិកអធមនេះត្រូវបានគោរពអញ្ជើញចូលរួមដោយគណអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ និង សាធារណជន ។
គួររំលឹកដែរថា “ទិវាធានារ៉ាប់រង” រៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងឲ្យកាន់តែទូលំទូលាយ និង បង្កើនទំនុកចិត្តដល់សាធារណជន ។ ក្នុងឱកាសនៃការប្រារព្ធទិវានេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏មានការដាក់តាំងពិពណ៌ផលិតផលផ្តល់ការប្រឹក្សាលម្អិតអំពីសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុននិងថែមទាំងផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃដែលមានទឹកប្រាក់ធានារ៉ាប់រង ៥០០០ដុល្លារ ដល់អតិថិជន៥០នាក់ ថែមទៀតផងដែរ ។
អំពីក្រុមហ៊ុន ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅឆ្នាំ ២០១៦ ។