Davitra ចាប់ដៃគូសហការជាមួយមហាសំណាង រួមគ្នាបង្កើតយុទ្ធនាការប្រឹក្សាយោបល់អាហារូបការណ៍ និង ការសិក្សាក្រៅប្រទេសឥតគិតថ្លៃ
ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និង ក្រុមហ៊ុនខ្មែរមហាសំណាង នារសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានចាប់ផ្តើមសហការគ្នាបង្កើតយុទ្ធនាការតន្ត្រី អាហារូបករណ៍មហាសំណាង ដែលគ្រោងនឹងប្រគំតន្ត្រីនៅទូទាំង ២៥ រាជធានីខេត្ត ដើម្បីបញ្ជ្រៀបព័ត៌មានអំពីការប្រឹក្សាយោបល់អាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ដោយមិនគិតថ្លៃ ជូនសិស្សានុសិស្សទាំងអស់ និង ដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាជនកម្ពុជា ។
ពិធីបើកយុទ្ធនាការតន្ត្រីអាហារូបករណ៍មហាសំណាងនេះដែរ ធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុន Davitra ដែលមានការចូលរួមពីលោក អ៊ឹម ច័ន្ទបូរ៉ាជាតិ នាយកប្រតិបត្តិក្រុមហ៊ុន Davitra (Cambodia) Co., Ltd, កញ្ញា ជិន និកា ជាប្រធានទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខ្មែរមហាសំណាង និង វាគ្មិនកិត្តិយស រួមទាំងអ្នកសិល្បៈជាច្រើនរូបផងដែរ ។
លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ សហស្ថាបនិក និង ជានាយកប្រត្តិបត្តិក្រុមហ៊ុន Davitra (Cambodia) Co., Ltd, បានលើកឡើងថា សមត្ថភាពនៃសិស្ស និស្សិតនៅកម្ពុជា មានការរីកចំរើនមិនចាញ់ សិស្ស និស្សិត នៅក្រៅប្រទេសឡើយ ហើយចំនួនសិស្សនៅកម្ពុជា ដែលបានទៅសិក្សានៅក្រៅប្រទេស ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស ។ ស្របពេលជាមួយគ្នានេះដែរ ដើម្បីធ្វើការសំរេចចិត្តយ៉ាងត្រឹមត្រូវពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញ និង ប្រទេសដែលជាគោលដៅសំរាប់ធ្វើការសិក្សា ដើម្បីពង្រីកនូវឱកាសក្នុងការទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសក្នុងក្តីស្រមៃត្រូវទាមទារឱ្យមានការប្រឹក្សាយោបល់ ពីអ្នកដែលមានជំនាញច្បាស់លាស់ ដែលធ្លាប់បានទៅសិក្សានៅក្រៅប្រទេសពិតប្រាកដ ។
លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ បានបន្ថែមទៀតថា ដូច្នេះហើយទើបក្រុមហ៊ុន Davitra (Cambodia) Co., Ltd និង ក្រុមហ៊ុនខ្មែរមហាសំណាង បានរួមគ្នាបង្កើតនូវយុទ្ធនាការអាហារូបករណ៍មហាសំណាង ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យសិស្សានុសិស្សកម្ពុជាបានយល់ដឹង និង ត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស ។
ចំពោះកញ្ញា ជិន និកា ជាប្រធានទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខ្មែរមហាសំណាង ក៏បានលើកឡើងដែរថា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយ និង រីកចម្រើនបន្ថែមទៀត ក្រុមហ៊ុនខ្មែរមហាសំណាង និង ក្រុមហ៊ុន Davitra បានផ្តួចផ្តើមគំនិតរួមគ្នា បង្កើតយុទ្ធនាការប្រឹក្សាពិគ្រោះយោបល់អាហារូបករណ៍ និង ការសិក្សាក្រៅប្រទេសឥតគិតថ្លៃ ជូនសិស្សនិស្សិតចាប់ពីកម្រិតវិទ្យាល័យ ដល់មហាវិទ្យាល័យ អំពីផែនការសិក្សាថ្នាក់អាហារូបករណ៍ ឱ្យចំគោលដៅមុខជំនាញ ជាមួយនឹងចំណូលចិត្តពីធម្មជាតិរបស់សិស្ស និស្សិត ប្រកបដោយប្រសិទ្ធភាព ជាមួយអ្នកជំនាញផ្តល់ប្រឹក្សាប្រកបដោយចំណេះ ជំនាញ វិជ្ជាជីវៈ និង មានបទពិសោធខ្ពស់ផងដែរ ។
កញ្ញា ជិន និកា បានបន្ថែមទៀតថា ក្រៅពីការប្រគំតន្រ្តីអាហារូបករណ៍មហាដសំណាង ក្រុមហ៊ុនក៏បានផលិតជាវីដេអូខ្លីៗអប់រំជាច្រើនរឿងបន្ថែមទៀត ដើម្បីយកទៅផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយផ្សេងៗ ដូចជា វីទ្យុ និង បណ្តាញសង្គមនានាសម្រាប់យុទ្ធនាការនេះ ។
ក្រុមហ៊ុន Davitra ជាក្រុមហ៊ុនប្រឹក្សាយោបល់អាហារូបករណ៍ និង ការសិក្សាក្រៅប្រទេស ដែលមានជំនាញប្រកបដោយវិជា្ជជីវៈ និង បទពិសោធពិតប្រាកដទៅសិក្សានៅក្រៅប្រទេស និង អ្នកប្រឹក្សាសុទ្ធតែធ្លាប់បានទៅសិក្សានៅសកលវិទ្យាល័យលំដាប់កំពូលនានាលើពិភពលោក ។ ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនប្រឹក្សាយោបល់លំដាប់អន្តរជាតិរបស់ប្រទេសអូស្ត្រាលី Yes Education ដែលមានទីស្នាក់ការនៅទីក្រុងស៊ីដនី និង ជាដៃគូរបស់សកលវិទ្យាល័យជាង ៣០០ សកលវិទ្យាល័យលើពិភពលោក ។
ក្រុមហ៊ុនខ្មែរមហាសំណាង ជាក្រុមហ៊ុនប្រតិបត្តិករឆ្នោតកម្សាន្តផ្សងសំណាង ដែលទទួលបាននូវអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ ៥ ខ្ទង់ ជាមួយរង្វាន់លួងចិត្ត ២ ខ្ទង់ និង ៣ ខ្ទង់ ឆ្នោតកោសភ្លាម ឈ្នះភ្លាម និង មានសេវាកម្មឆ្នោតផ្សងសំណាងតាមរយៈទូរស័ព្ទដៃ ។
សំរាប់ព័ត៌មានលម្អិតទាក់ទងនឹងយុទ្ធនាការអាហារូបករណ៍មហាសំណាង សូមទំនាក់ទំនង លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ តាមរយៈលេខទូរស័ព្ទ 093 362 655 ឬ អ៊ីម៉ែល chanboracheat.im@davitra.net ឬ គេហទំព័រ Facebook របស់ក្រុមហ៊ុន: Davitra Consulting និង website : www.davitra.net ៕