X Factor Cambodia ចេញប្រត្តិបត្តិការណ៍ដំបូងនៅខេត្តសៀមរាប មានបេក្ខជនចូលរួមច្រើនហួសពីការស្មាន
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែលបានប្រមូលផ្តុំគណៈកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេសមករួមគ្នាមានដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន បានចាប់ផ្តើមប្រត្តិបត្តិការណ៍ស្វែងរកអ្នកមានសំឡេងល្អឯកហើយ ។
កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ កម្មវិធី X Factor Cambodia បានចុះទៅដល់ផ្ទាល់ក្នុងទីរួមខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយ និង ជ្រើសរើសអ្នកដែលមានសំឡេងពីរោះៗចូលមកក្នុងកម្មវិធី ។
បេក្ខជនបេក្ខនារីជាច្រើនបានមកចូលរួមប្រឡងវគ្គជម្រុះដំបូងដែលកំពុងធ្វើឡើងនៅមជ្ឈមណ្ឌល THE HERITAGE WALK ទីរួមខេត្តសៀមរាបតាំងពីម៉ោង ៧ ព្រឹកក្នុងភាពសប្បាយរីករាយ និង ជឿជាក់ ។ ហើយសង្កេតឃើញថាមានការចូលរួមពីបេក្ខជនបេក្ខនារីយ៉ាងច្រើនកុះករត្រៀបត្រាតែម្តង ដែលនេះបង្ហាញពីប្រជាប្រិយភាពរបស់កម្មវិធី X Factor Cambodia ក៏ដូចជាទូរទស្សន៍ហង្សមាស HDTV ផងដែរ ។
សម្រាប់ទីតាំងវគ្គជម្រុះដំបូងបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ក្នុងទីរួមខេត្តកំពង់សោម ហើយក៏មានការប្រគំតន្ត្រីមុនមួយថ្ងៃផងដែរ គឺនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ ជាពិសេសគឺវត្តមានគណៈកម្មការរបស់កម្មវិធី X Factor Cambodia ទាំង ៤ ផងដែរ ៕