បុរសម្នាក់ ដេកលក់ ២៥ ថ្ងៃជាប់ៗគ្នា ហើយក្នុងមួយឆ្នាំដេកដល់ទៅ ៣០០ ថ្ងៃ
បុរសវ័យ ៤២ ឆ្នាំម្នាក់ឈ្មោះ Purkharam មកពីស្រុក Nagaur ភាគខាងលិចរដ្ឋ Rajasthan ប្រទេសឥណ្ឌា បានក្លាយជាទីចាប់អារម្មណ៍នាពេលថ្មីៗនេះ ក្រោយរូបលោក កើតជំងឺចម្លែកម៉្យាង ដែលបណ្ដាលឱ្យលោកដេកលង់លក់រយៈពេល ៣០០ ថ្ងៃក្នុងមួយឆ្នាំ ។
តាមការចេញផ្សាយពីសារព័ត៌មាននៅឥណ្ឌានាពេលថ្មីៗនេះ បុរសវ័យចំណាស់រូបនេះ ត្រូវបានឱ្យដឹងថា បានកើតជំងឺកម្រម៉្យាងហៅថា «Axis Hypersomnia» ដែលធ្វើឱ្យលោកអាចដេកលង់លក់ម្តងចាយពេលជាប់ៗគ្នាយ៉ាងយូរ រហូតដល់ ២៥ ថ្ងៃឯណោះ ។
លោក Purkharam បានចាប់ផ្ដើមកើតជំងឺកម្រនេះ តាំងពី ២៣ ឆ្នាំមុន ដោយនៅពេលនោះ ក្រុមគ្រួសារលោកចាប់ផ្ដើមចម្លែកចិត្ត ដោយសារតែលោកដេកលក់រយៈពេល ១៥ ម៉ោង ក្នុងមួយថ្ងៃ ។
មកដល់ឆ្នាំ ២០១៥ ក្រុមគ្រួសាររបស់លោក Purkharam បានចាប់ផ្ដើមគិតគូរពេលវេលាដេករបស់លោកគិតជាថ្ងៃជំនួសម៉ោងវិញ ដោយរូបគេតែងដេកលង់លក់រយៈពេលជាង ១ សប្ដាហ៍ឯណោះ មុនភ្ញាក់ដឹងខ្លួនម្តង ប៉ុន្តែស្ថានភាពជំងឺលោក បានប្រែទៅជាអាក្រក់ឡើង ។ បើតាមក្រុមគ្រួសារលោកបានបញ្ជាក់ថា ពេលខ្លះ លោក Purkharam ធ្លាប់បានដេកលក់រយៈពេល ២៥ ថ្ងៃជាប់គ្នាក៏មាន មុនភ្ញាក់ដឹងខ្លួនវិញ ហើយប្រសិនបើគេគិតក្នុងមួយឆ្នាំមាន ៣៦៥ ថ្ងៃ លោក Purkharam បានចាយពេលដេកលង់លក់អស់រយៈពេល ៣០០ ថ្ងៃបាត់ទៅហើយ ។
លោក Purkharam ត្រូវបានគេដឹងថា មានតូបលក់គ្រឿងទេសតូចមួយនៅស្រុកកំណើត ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់លោក បច្ចុប្បន្នលោកអាចលក់ដូរត្រឹម ៥ ថ្ងៃប៉ុណ្ណោះក្នុងមួយខែ ។ ពេលខ្លះ លោក Purkharam បានដេកលក់អំឡុងពេលកំពុងលក់ដូរថែមទៀតផង ។ ក្រុមគ្រួសាររបស់លោកនាពេលនេះ គឺអាចត្រឹមតែជួយនាំគាត់ទៅផ្ទះវិញ ផ្ដល់អាហារឱ្យគាត់ និង ងូតទឹកឱ្យគាត់នៅពេលគាត់ដេកលក់តែប៉ុណ្ណោះ ។
បច្ចុប្បន្ន ស្ថានភាពជំងឺរបស់លោក Purkharam គឺមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ប៉ុន្តែក្រុមគ្រួសារលោកនៅតែមានក្ដីសង្ឃឹមថា ថ្ងៃណាមួយគាត់នឹងអាចជាសះស្បើយ និង វិលត្រឡប់មករស់នៅជីវិតធម្មតាដូចគេដូចឯងវិញ ៕
ប្រភព៖ Indiatimes