បុណ្យមួយនៅឥណ្ឌា ពលរដ្ឋនាំគ្នា លេងគប់អាចម៍គោដាក់គ្នា សប្បាយៗកប់សារី
អ្នកភូមិជាច្រើននាក់នៅឥណ្ឌា បាននាំគ្នាពូនលាមកគោជាដុំៗ គប់ទៅលើគ្នា យ៉ាងសប្បាយរីករាយ ក្នុងពិធីបុណ្យសាសនាមួយហៅថា Gorehabba ដើម្បីជាកិច្ចបញ្ចប់ពិធីបុណ្យ Diwali ។
ស្រដៀងគ្នានឹងពិធីបុណ្យគប់ប៉េងប៉ោះនៅប្រទេសអេស៉្បាញ ពលដ្ឋនៃភូមិ Gumatapura ប្រទេសឥណ្ឌា បាននាំគ្នាប្រមូលផ្ដុំលាមកគោ ពូនជាដុំៗដូចដុំទឹកកក ដើម្បីគប់លេងទៅលើគ្នា យ៉ាងសប្បាយប្លែក ។ ពិធីមួយនេះ គឺជាពិធីបុណ្យដែលមានតែអ្នកភូមិមួយនេះប៉ុណ្ណោះប្រារព្ធធ្វើឡើង ដោយពួកគេជឿជាក់ថា ព្រះរបស់ពួកគេ Beereshwara Swamy បានចាប់កំណើតមកជាសត្វគោ ខណៈអ្នកកាន់សាសនាហិណ្ឌូមួយចំនួនទៀត បានជឿជាក់ថា សត្វគោ និងរាល់អ្វីៗដែលវាផ្ដល់ឲ្យទាំងប៉ុន្មាន គឺសុទ្ធតែជារបស់ស័ក្ដសិទ្ធិ និងបរិសុទ្ធបំផុត ។
ពិធីបុណ្យចម្លែកមួយនេះ ចាប់ផ្ដើមធ្វើឡើង ដោយការប្រមូលលាមកគោពីផ្ទះម្ចាស់សត្វទាំងអស់នៅក្នុងភូមិ ដោយក្រោយមក លាមកទាំងនោះ ត្រូវបានដឹកដោយរទេះ ដែលមានសត្វគោតុបតែងលម្អខ្លួនយ៉ាងស្អាតជាអ្នកដឹក ទៅកាន់វត្តនៅក្នុងតំបន់ មុនពេលអាចារ្យនៅទីនោះចាប់ផ្ដើមធ្វើពិធីសាសនារបស់ពួកគេ ។
បន្ទាប់ពីការសូត្រមន្តផ្សេងៗរួចមក លាមកទាំងនោះ ត្រូវបានចាក់ទៅកន្លែងទំនេរធំមួយ ដែលក្រោយមក មនុស្សប្រុស ស្រីទាំងប៉ុន្មាននាំគ្នាឈូឆរចូលទៅយកលាមកទាំងនោះគប់គ្នាលេង ។ ការលេងលាមកនេះ គឺប្រជាជនមានជំនឿយ៉ាងមុតមាំថា អ្នកដែលចូលរួមលេងលាមកសត្វជាទីសក្ការៈនេះ គឺអាចជួយពួកគេជៀសផុតពីជំងឺទាំងឡាយបាន ៕
ប្រភព៖ CNA