បុរសម្នាក់ជះលុយទិញដីភពព្រះចន្ទមួយប្លង់ តម្លៃ ៤៥ ដុល្លារ ឱ្យប្រពន្ធជាចំណងដៃអាពាហ៍ពិពាហ៍
បុរសសញ្ជាតិប៉ាគីស្ថានម្នាក់ឈ្មោះ Sohaib Ahmed បានចំណាយលុយទិញដីមួយឡូត៍លើភពព្រះច័ន្ទ ជូនចំពោះប្រពន្ធសំណព្វរបស់លោក ទុកជាកាដូអាពាហ៍ពិពាហ៍។
លោក Sohaib រស់នៅក្រុង Rawalpindi បានទិញដីភពព្រះច័ន្ទមួយ ក្នុងតំបន់ហៅថា «Sea of Vapour»។ ដីមួយផ្នែកនេះ លោកទិញក្នុងតម្លៃ ៤៥ ដុល្លារពី Lunar Settlement Initiative (LSI)។ បុរសរូបនេះបាននិយាយថា លោកកើតគំនិតទិញដីភពព្រះច័ន្ទនេះ តាមអតីតតារាបូលីវូដ Sushant Singh Rajput ដែលធ្លាប់បានទិញដីភពព្រះច័ន្ទក្នុងឆ្នាំ ២០១៨ នៅតំបន់មួយហៅថា Mare Muscoviense ឬ ហៅមួយទៀតថា «Sea of Muscovy»។ តារាផ្សេងៗទៀតរួមមាន តារាសម្ដែង Tom Cruise និង Shah Rukh Khan ជាដើម ក៏ជាម្ចាស់ដីមួយផ្នែកលើភពព្រះច័ន្ទផងដែរ ។
ឯកសារដីលើភពព្រះច័ន្ទរបស់គូស្នេហ៍មួយគូនេះ ត្រូវបានបញ្ជូនទៅដល់ផ្ទះរបស់ពួកគេតាមរយៈ US Postal Service។ លោកស្រី Madiha ដែលត្រូវជាប្រពន្ធលោក Sohiab បាននិយាយថា មិត្តភក្តិរបស់នាង មិនជឿនាងឡើយ នៅពេលនាងប្រាប់ពួកគេពីកាដូរៀបការដ៏ចម្លែកមួយនេះ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Samaa TV នាងបានរៀបរាប់ថា ៖ «ដំបូងគ្រប់គ្នាគិតថាវាគួរឲ្យអស់សំណើច ប៉ុន្តែពេលខ្ញុំបង្ហាញឯកសារដីទៅពួកគេមើល ទើបពួកគេជឿ»៕
ប្រភព៖ timesnownews