កោះមួយនៅអ៊ីតាលី ជាអតីតរណ្ដៅកប់សាកស-ពមនុស្ស ១០ ម៉ឺននាក់ មានប្រវត្តិព្រឺព្រួចខ្លាំង
កោះ Poveglia គឺជាកោះតូចមួយដែលមានទីតាំងក្នុងតំបន់ Laguna Venetian ស្ថិតនៅចន្លោះទីក្រុង Venice និង Lido ភាគខាងជើងប្រទេសអ៊ីតាលី។
ថ្វីបើកោះមួយនេះមើលទៅមានភាពស្រស់បំព្រងយ៉ាងណាក្ដី ក៏វានៅតែជាកោះមួយដែលមានប្រវត្តិព្រឺព្រួចបំផុត ហើយរហូតមទល់បច្ចុប្បន្ននេះ វានៅតែជាកោះមួយដែលត្រូវបានគេចាត់ទុកថា ជាកោះដែលមានគ្រោះថ្នាក់ និង ភ័យខ្លាច។ តាមការស្រាវជ្រាវប្រវត្តិរបស់កោះនេះបានឲ្យដឹងថា វាចាប់ផ្ដើមមានមនុស្សរស់នៅតាំងពីឆ្នាំ ៤២១ រហូតដល់ឆ្នាំ ១៣៧៩ មនុស្សទាំងអស់ត្រូវបានជម្លៀសដោយសារសង្គ្រាម។
ក្រោយមកចាប់តាំងពីឆ្នាំ ១៧៧៦ កោះនេះត្រូវបានគេយកធ្វើជារណ្ដៅកប់សាកសពរបស់អ្នកជំងឺប្រមាណ ១០ ម៉ឺននាក់ ដែលបានស្លាប់ដោយសារជំងឺរាតត្បាត ។ ចំណេរកាលក្រោយមក កោះនេះក៏ក្លាយជាទីតាំងរបស់មន្ទីរពេទ្យវិកលចរិតមួយ តែនៅឆ្នាំ ១៩២២ មានលោកវេជ្ជបណ្ឌិតម្នាក់ ជំនាញពិសោធន៍អ្នកជំងឺមហារីកបំពង់ក បានអត្តឃាតលោតពីលើប៉ប ដែលកាលនោះគេសង្ស័យថាគាត់ត្រូវព្រលឹងខ្មោចសណ្ឋិត ។
មិនយូរប៉ុន្មាននៅឆ្នាំ ១៩៦៨ កោះ Poveglia ត្រូវបានគេបោះបង់ចោលទាំងស្រុង ដោយសារតែមនុស្សទាំងនោះយល់ថា វាជាទីតាំងដ៏សោកសៅមួយ មិនតែប៉ុណ្ណោះពួកគេក៏ធ្លាប់បានឮសំឡេងដ៏អាថ៌កំបាំងស្រែកទួញសោកផងដែរ ដែលសង្ស័យថានេះប្រហែលជាសំឡេងខ្មោចអ្នកស្លាប់ជាច្រើនម៉ឺននាក់នោះហើយ ហើយរហូតមកទល់បច្ចុប្បន្ននេះកោះ Poveglia នៅតែគ្មាននរណាម្នាក់ហ៊ានទៅរស់នៅឡើយ ៕
ប្រភព៖ wonderslist