ចែកគ្នាដឹង! ផ្លូវថ្មើរជើងរាជធានីភ្នំពេញទំហំ ៥៧ ហិកតា នឹងមានរៀបចំជា Pub street និងហាងជាច្រើន គ្រោងរួចរាល់មុនចូលឆ្នាំសាកល
ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ បានបញ្ជាក់ឱ្យបានដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ នេះ នៅសាលារាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ ៥៧ ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ ២០២៤ នេះ ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះនឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ ២០២៥ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ «គម្រោងនេះយើង បានសិក្សារួចអស់ហើយ ដូច្នេះលោកជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តន៍ការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា ៦ ខែ ពោលគឺឱ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ ២០២៥»។
ទន្ទឹមគ្នានោះផងដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា ៣ តំបន់ មានទំហំ ៥៧ ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី ១ មានទីតាំង នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាង ជើង៖ ផ្លូវលេខ៩៤-ខាងត្បូង ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។ ផ្លូវថ្មើរជើងតំបន់ទី ២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pub Street)។ ផ្លូវថ្មើជើងតំបន់ទី ៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាង កើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។
លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង ៣ នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងឱ្យមានសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង (Pub Street) ផងដែរ។ តំបន់នេះក្រោយ ការរៀបចំរួចនឹងបើកឱ្យ ភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ ល្ងាច ដល់ម៉ោង១១យប់៕
ប្រភព ៖ ក្រសួងព័ត៌មាន