ផ្ទៃមេឃប្រទេសក្រិក ប្រែជាពណ៌ទឹកក្រូចអួអាប់ ក្រោយរងការវាយប្រហារដោយព្យុះធូលី
កាលពីពេលថ្មីៗនេះ បរិយាកាសនាប្រទេសក្រិក ដែលធ្លាប់តែស្រឡះ ប្រែទៅជាពណ៌ទឹកក្រូចអួអាប់ ដែលធ្វើឱ្យពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង។
បើតាមរយៈការផ្ដល់បទសម្ភាសពីប្រជាជនដែលរស់នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសក្រិកបានរៀបរាប់ថា៖ «ខ្ញុំមិនធ្លាប់ជួបអ្វីបែបនេះពីមុនមកទេ ទិដ្ឋភាពដែលបានឃើញកាលពីពេលកន្លងទៅ វាដូចជាគ្រោះមហន្តរាយនៃពិភពលោកមួយ ព្រោះថាផ្ទៃមេឃប្រែទៅជាពណ៌ទឹកក្រូច បរិយាកាសមិនសូវជាល្អសោះ សង្ឃឹមថាធូលីខ្យល់នេះនឹងបាត់ឆាប់ៗទៅចុះ ព្រោះមានអ្នកមួយចំនួនមានអាការអាឡែកស៊ី ព្រមទាំងពិបាកក្នុងការដកដង្ហើមទៀតផង»។
គួរបញ្ជាក់ផងដែរថា ប្រទេសក្រិកទទួលរងការវាយប្រហារដោយព្យុះធូលី ដែលបានបក់មកពីប្រទេសអាហ្វ្រិកខាងជើង តាំងពីចុងខែមីនារហូតមកដល់ខែមេសានេះ តែលើកនេះគឺធ្ងន់ជាងរាល់ឆ្នាំ រហូតខាងរដ្ឋាភិបាលរបស់ប្រទេសនេះ បានដាស់តឿនឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះបញ្ហានេះដែលអាចប៉ះពាល់ដល់សុខភាពរាយកាយ៕