អាងថាជាសត្វគិតថាមិនអី ទុកឆ្មា ៤៣ ក្បាលក្នុងផ្ទះចោលអត់ដាក់បាយទឹកឱ្យស៊ីឆ្អែត មានអីត្រូវជាប់គុក ២០ ថ្ងៃលេង
បុរសម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ ថ្ងៃ ក្រោយទុកសត្វឆ្មាចំនួន ៤៣ ក្បាល ក្នុងអគារអាផាតមិនទុកចោលមួយ បណ្ដាលឱ្យពួកវាគ្មានអាហារ និងទឹកផឹកគ្រប់គ្រាន់រយៈពេលរាប់ខែ។
បុរសរូបនោះត្រូវបានស្គាល់ឈ្មោះថា Muhammad Danial Sukirman អាយុ ៣១ ឆ្នាំ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ បានរកឃើញជាប់ទោសលើ ១០ ករណីដែលបណ្ដាលឱ្យសត្វចិញ្ចឹមជាច្រើនរងការវេទនា។ បើតាមឯកសារតុលាការ បានបញ្ជាក់ថា Danial បានទុកសត្វឆ្មាចំនួន ៤៣ ក្បាល ក្នុងអគារអាផាតមិនទុកចោលមួយនៅតំបន់ Ang Mo Kio ប្រទេសសិង្ហបុរី ដោយគ្មានការផ្ដល់ជាចំណីអាហារ និងទឹកគ្រប់គ្រាន់ ក្នុងពេលជាច្រើនខែ រាប់ចាប់ពីខែសីហា ឆ្នាំ ២០២១ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១។
ទម្រាំតែមានអ្នករកឃើញនោះ សត្វឆ្មាចំនួន ២ ក្បាលបានងាប់ ដោយខាងព្រះរាជអាជ្ញា ចាត់ទុកករណីនេះ ជាករណីដែលបោះបង់សត្វចិញ្ចឹមចោល ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន។ យ៉ាងណាមិញ លោក Danial បានទទួលស្គាល់កំហុស និងសោកស្ដាយចំពោះទង្វើរបស់ខ្លួននៅមុខតុលាការ។
តាមការរៀបរាប់បានឱ្យដឹងថា លោក និងប្រពន្ធ បានផ្លាស់ទៅរស់នៅក្នុងអាផាតមិននោះ ដោយរស់នៅជាមួយម្ដាយក្មេក កាលពីខែមករា ឆ្នាំ ២០១៦ កន្លងទៅ។ លោកបានបញ្ជាក់ថា ដំបូងឡើយ ឆ្មារបស់ពួកគេមានចំនួនត្រឹម ៣ ក្បាលប៉ុណ្ណោះ ប៉ុន្តែដោយសារតែមិនបានគ្រៀវ ឆ្មាចេះតែកើតបន្តកន្ទុយគ្នា រហូតរាប់មិនអស់។
មកដល់ខែសីហា ឆ្នាំ ២០២១ ក្រោយម្ដាយក្មេកលោកលាចាកលោកទៅ ក្រុមគ្រួសាររបស់ Danial ក៏បានផ្លាស់ទៅរស់នៅអាផាតមិនផ្សេង ដោយទុកឆ្មាទាំងប៉ុន្មានចោលនៅអាផាតមិនចាស់។ អំឡុងពេលទុកចោលនោះដែរ ប្រភពទឹកតែមួយគត់ដែលឆ្មាទាំងនោះអាចផឹកបាន គឺទឹកដែលបានស្រក់នៅក្នុងបន្ទប់ទឹក។ រៀងរាល់សប្ដាហ៍ លោកតែងតែមកអាផាតមិននោះ ដើម្បីដាក់ចំណីឱ្យឆ្មាទាំងនោះ ហើយក៏ចាកចេញទៅវិញភ្លាមៗ ដោយមិនមានបានសម្អាត ឬមើលពួកវាឱ្យបានដិតដល់នោះឡើយ។
ជាក់ស្ដែង បើតាមការរៀបរាប់ពីខាងព្រះរាជអាជ្ញា បានឱ្យដឹងថា៖ «គាត់មិនទៅអាផាតមិននោះជាប្រចាំនោះទេ ហើយក៏មិនបានដាក់អាហារ និងទឹកឱ្យឆ្មាជារៀងរាល់ថ្ងៃនោះដែរ ដោយសារតែគាត់ត្រូវធ្វើការច្រើនម៉ោង ផ្នែកលុយកាក់ក៏ពិបាក និងថែមទាំងជាប់បំណុលគេទៀត»៕