សន្ដានចិត្តដ៏ល្អរបស់អ៊ំស្រីដែលគេ Prank ធ្វើឱ្យលោកជំទាវ ពេជ ចន្ទមុន្នី រំជួលចិត្ត នឹកឃើញកាលពី ២០ ឆ្នាំមុន ពេលលោកជំទាវចុះធ្វើការនៅជាយដែន
វីដេអូ Prank មួយដែលបានបង្ហោះដោយផេក J-Moch មានអ្នកទស្សនាដល់ទៅជាង ២ លាន បង្ហាញពីសន្ដានចិត្តដ៏ល្អប្រពៃ របស់អ៊ំស្រីដែលមានឈ្មោះ សាន្ត អាយុ ៦២ ឆ្នាំ ជូនបាយឆាខ្ញីមួយប្រអប់ និងទឹកមួយដបទៅលើអ្នកផលិតមាតិកាដែលបន្លំខ្លួនជាអ្នកខ្វះខាត ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម គោរពសរសើរ និងចែករំលែកបន្តគ្នាព្រោងព្រាត ខណៈរូបគាត់លក់ដូររាល់ថ្ងៃត្រូវបង់ថ្លៃទីតាំងមួយខែ ១០ ម៉ឺនរៀល លំបាករកលុយចំណេញមិនឃើញនោះឡើយ។
ក្រោយបានឃើញនូវសន្តានចិត្តដ៏ល្អប្រកបទៅដោយព្រហ្មវិហារធម៌របស់អ៊ំស្រី សាន្ត ដែលមានអាយុ ៦២ ឆ្នាំ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះសារចង់ឱ្យក្នុងសង្គមយើង មានមនុស្សដូចអ៊ំស្រីឱ្យបានច្រើន ព្រមទាំងបាននឹកឃើញទៅដល់រឿងដែលលោកជំទាវធ្លាប់បានជួបកាលពី ២០ ឆ្នាំមុន ៖ «នាងខ្ញុំនៅចាំបានថាកាលពីជំនាន់ ២០០៤ នាងខ្ញុំបានទៅធ្វើការនៅអន្លង់វែង ពេលបាយថ្ងៃត្រង់ នាងខ្ញុំ និងក្រុមការងារបានសុំផ្ទះបងប្អូនប្រជាជនយើងក្នុងភូមិញុំាបាយនៅក្រោមផ្ទះគាត់។
ពេលនោះគាត់បានឱ្យកូនគាត់យកប្រហុកចំហុយ ១ ចាន មកឱ្យក្រុមការងារនាងខ្ញុំ នៅពេលដែលម្ចាស់ផ្ទះគាត់ត្រូវចែករំលែកប្រហុក ១ ចានដូចគ្នាជាមួយសមាជិកគាត់ចំនួន ៦ នាក់ក្នុងផ្ទះ។ នេះជាអ្វីដែលធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាន»។
គួរឱ្យដឹងផងដែរថា តាមរយៈវីដេអូប្រមាណជាង ១១ នាទី ដែលបង្ហោះដោយផេក J-Moch បានបង្ហាញពីសកម្មភាពអ្នកផលិតមាតិកា បានបន្លំខ្លួនកាន់បាវមួយ ដោយមានថវិកា ៥០០ រៀល ទិញបាយសអ៊ំស្រី ដើម្បីហូបជាមួយទឹកត្រី តែដោយឃើញសភាពអ្នកទិញគួរឱ្យអាណិត អ៊ំស្រីឈ្មោះ សាន្ត អាយុ ៦២ ឆ្នាំ ជាអ្នកលក់ដែលមានសន្តានចិត្តល្អ បានខ្ចប់បាយឆាខ្ញីមួយប្រអប់ដល់អ្នកផលិតមាតិកាភ្លាមៗ ព្រមទាំងទឹកសុទ្ធមួយដបទៀតផង។
ទង្វើបង្ហាញនូវក្ដីអាណិតអាសូរ និងរំជួលចិត្តស្ទើរស្រក់ទឹកភ្នែករបស់អ៊ំស្រី ស្របពេលដែលខ្លួនរស់នៅត្រូវបង់ថ្លៃទីតាំងមួយខែ ១០ ម៉ឺនរៀល និងលក់ដូររាល់ថ្ងៃ បានធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង។
ចំពោះវីដេអូនេះផងដែរ បើតាមការបង្ហោះពីម្ចាស់ផេក J-Moch នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ឱ្យដឹងថា ត្រឹមរយៈពេល ១៦ ម៉ោង វីដេអូថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «លុយ ៥០០ រៀល ដ៏មានន័យ» មានអ្នកតាមដានទស្សនាដល់ទៅ ២ លានដង នៅលើបណ្ដាញសង្គម៕