(វីដេអូ) ដ្បិតគេ Prank តែសន្ដានចិត្តល្អរបស់អ៊ំស្រីក្នុងវីដេអូ ធ្វើឱ្យមហាជនរំជួលចិត្តខ្លាំង ម្នាក់ៗអួលដើម-កស្រក់ទឹកភ្នែកហើយសរសើរទឹកចិត្តគ្រប់គ្នា
អ៊ំស្រីម្នាក់មានឈ្មោះ សាន្ត កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម គោរពសរសើរ និងចែករំលែកបន្តគ្នាព្រោងព្រាត នោះគឺដោយសារតែសន្ដានទឹកចិត្តសណ្ដោសប្រណីពិតៗរបស់អ៊ំស្រី ទៅកាន់អ្នកផលិតមាតិកាមួយរូបដែលបន្លំខ្លួន Prank យកលុយ ៥០០ រៀល ដើម្បីទៅទិញបាយសអ៊ំស្រីហូប ធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង។
តាមរយៈវីដេអូប្រមាណជាង ១១ នាទី ដែលបង្ហោះដោយផេក J-Moch បានបង្ហាញពីសកម្មភាពអ្នកផលិតមាតិកា បានបន្លំខ្លួនកាន់បាវមួយ ដោយមានថវិកា ៥០០ រៀល ទិញបាយសអ៊ំស្រី ដើម្បីហូបជាមួយទឹកត្រី តែដោយឃើញសភាពអ្នកទិញគួរឱ្យអាណិត អ៊ំស្រីឈ្មោះ សាន្ត អាយុ ៦២ ឆ្នាំ ជាអ្នកលក់ដែលមានសន្តានចិត្តល្អ បានខ្ចប់បាយឆាខ្ញីមួយប្រអប់ដល់អ្នកផលិតមាតិកាភ្លាមៗ ព្រមទាំងទឹកសុទ្ធមួយដបទៀតផង បង្ហាញនូវក្ដីអាណិតអាសូរ និងរំជួលចិត្តស្ទើរស្រក់ទឹកភ្នែកខ្លួនឯង ស្របពេលដែលខ្លួនរស់នៅត្រូវបង់ថ្លៃទីតាំងមួយខែ ១០ ម៉ឺនរៀល និងលក់ដូររាល់ថ្ងៃ ហាក់លំបាករកលុយចំណេញសឹងមិនឃើញផង។
នៅចុងវីដេអូ អ្នកផលិតមាតិកាបានបង្ហាញសមាសភាពរបស់ខ្លួន ធ្វើឱ្យអ៊ំស្រី សាន្ត ដែលមានអាយុ ៦២ ឆ្នាំ រំជួលចិត្តជាថ្មីម្ដងទៀត ព្រមទាំងធ្វើឱ្យអ្នកទស្សនា មើលហើយអួលដើម-កស្រក់ទឹកភ្នែកមិនដឹងខ្លួន ព្រមទាំងស្ងើចសរសើរអ៊ំស្រីមិនដាច់ពីមាត់ ចំពោះទឹកចិត្ត និងគុណធម៌ដ៏មានតម្លៃរបស់អ៊ំស្រី ពុំអាចកាត់ថ្លៃបាន ជាគំរូសម្រាប់បងប្អូនខ្មែរយើង។
ចំពោះវីដេអូនេះផងដែរ បើតាមការបង្ហោះពីម្ចាស់ផេក J-Moch នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ឱ្យដឹងថា ត្រឹមរយៈពេល ១៦ ម៉ោង វីដេអូថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «លុយ ៥០០ រៀល ដ៏មានន័យ» មានអ្នកតាមដានទស្សនាដល់ទៅ ២ លានដង នៅលើបណ្ដាញសង្គម៕