ស្គាល់គាត់ទេ? អ្នកផលិតមាតិការូបនេះ ធ្វើវីដេអូបែបកម្សត់ៗ ចាក់ដោតបេះដូងអ្នកទស្សនា ទទួលបាន view ខ្ទង់លាន
អ្នកផលិតមាតិការវ័យក្មេងមួយរូប កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាស្រឡាញ់ចូលចិត្ត មិនមែនដោយសារតែសម្រស់នោះទេ តែគឺដោយសារតម្លៃអប់រំដ៏មានអត្ថន័យ តាមរយៈវីដេអូដែលខ្លួនបានផលិត ឆក់បេះដូងអ្នកទស្សនា ឱ្យចង់តាមដានពីដើមរហូតដល់ចប់ រហូតមានអ្នកចុចចូលមើលដល់ខ្ទង់លានឯណោះ។
អ្នកផលិតមាតិកាពោរពេញទៅដោយសមត្ថភាព និងភាពច្នៃប្រឌិតរូបនេះ មានឈ្មោះថា J Moch ដែលរូបគេ តែងផលិតវីដេអូបន្លំខ្លួនជាអ្នកខ្វះខាត ដើម្បីសុំអាហារបងប្អូនអាជីវករនៅតាមផ្លូវ ដោយចង់បង្ហាញពីទឹកចិត្តដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់ពួកគាត់ ដែលធ្វើអំពើល្អពុំចង់បានការតបស្នងនោះឡើយ។
ជាក់ស្ដែង តាមរយៈវីដេអូដែលអ្នកផលិតមាតិការូបនេះផលិតកន្លងមក ចង់បង្ហាញឱ្យឃើញពីទឹកចិត្តបងប្អូនដែលប្រកបមុខរបរតិចតួចនៅតាមដងផ្លូវ ថ្វីត្បិតតែគាត់រកចំណូលបានតិចៗក្នុងមួយថ្ងៃពិតមែន ប៉ុន្តែពួកគាត់តែងមានទឹកចិត្តធំធេង យកអសារចំពោះអ្នកដែលខ្វះខាតជាងគាត់ បង្ហាញពីគុណធម៌ដ៏ប្រពៃ ក្នុងនាមជាពលរដ្ឋខ្មែរជួយគ្នាទៅវិញទៅមក។
ទោះបីជាបែបនេះក្ដី នៅចុងវីដេអូ អ្នកផលិតមាតិការូបនេះ បានធ្វើឱ្យអ្នកទស្សនារំភើបផង ទឹកភ្នែកផង ក៏ដោយសារតែចុងបញ្ចប់រូបគេបានបង្ហាញពីសមាសភាពខ្លួន ព្រមទាំងតបស្នងជាថវិកាទៅវិញ ចំពោះអំពើល្អរបស់បងប្អូន ដែលមានសេចក្ដីសណ្ដោសសម្រាប់គាត់ ជាទឹកចិត្តដ៏ធំធេងពុំមានអ្វីប្រៀបស្មើបានឡើយ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ នេះ ម្ចាស់ផេករូបនេះ បានបង្ហោះឱ្យដឹងថា ត្រឹមរយៈពេល ១៦ ម៉ោង វីដេអូថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «លុយ ៥០០ រៀល ដ៏មានន័យ» មានអ្នកតាមដានទស្សនាដល់ទៅ ២ លានដង នៅលើបណ្ដាញសង្គម៕