ដូចកើតម្ដងទៀត! បុរសខ្លួនបត់ ទីបំផុតអាចងើបឈរដូចគេឯងធម្មតាហើយ ក្រោយវះកាត់ដោយជោគជ័យ
បុរសម្នាក់ ដែលជាប់ឈ្មោះជា «បុរសខ្លួនបត់» នៅទីបំផុត អាចងើបឈរត្រង់ខ្លួនបានវិញហើយ ក្រោយទទួលការវះកាត់បានដោយជោគជ័យ។
បុរសរូបនោះ ត្រូវបានស្គាល់ឈ្មោះថា Li Hua អាយុ ៤៦ ឆ្នាំ ជាអ្នកខេត្ត Hunan ប្រទេសចិន បានរស់នៅជាមួយនឹងភាពលំបាកមិនអាចសូម្បីតែមើលឡើងលើបានអស់រយៈពេលជាង ២ ទសវត្សរ៍ ដោយសារតែឆ្អឹងខ្នងរបស់លោកបានកោងខ្លាំង បត់ខ្លួនរបស់លោកចុះមកដល់ភ្លៅ។ តាមព័ត៌មានបានឱ្យដឹងថា លោក Li Hua បានកើតមានជំងឺមួយហៅថា ankylosing spondylitis (AS) កាលពីឆ្នាំ ១៩៩១ នៅពេលដែលលោកមានវ័យត្រឹម ១៨ ឆ្នាំ។
យ៉ាងណាមិញ ក្រោយការសម្រេចចិត្តទទួលការវះកាត់ទាំងប្រថុយប្រថមក្នុងឆ្នាំនេះ ការតស៊ូជម្នះរបស់លោក Li Hua ទីបំផុតក៏ទទួលបានលទ្ធផលដូចចិត្ត ដោយពេលនេះលោកអាចឈរបានត្រង់ខ្លួនជាលើកដំបូងហើយ ក្នុងរយៈពេល ២៨ ឆ្នាំមកនេះ។ តាមសម្ដីគ្រូពេទ្យដែលព្យាបាលលោក Li Hua បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយទទួលការវះកាត់បានដោយជោគជ័យ ពួកគេសង្ឃឹមថា លោក Hua នឹងអាចដើរបានធម្មតាវិញ ដោយមិនចាំបាច់មានឧបករណ៍ជំនួយ ក្នុងរយៈពេល ៣ ខែទៀត៕