ផ្ទុះការចាប់អារម្មណ៍ ទឹកដៃឆ្លាក់ឈើមួយកន្លែងក្បាច់ប្រណីតឥតទាស់ ជាស្នាដៃកូនខ្មែរពិតៗ
តួអង្គផ្សេងៗដូចជា ទេពអប្សរា ព្រះថោងនាងនាគ គ្រុឌ ហនុមាន ព្រះបាទជយវរ្ម័នទី ៧ ព្រះពុទ្ធរូប និងរូបឈុតឆាកក្នុងរឿងល្ខោនខោលខ្មែរ ត្រូវបានរំលេចឡើងយ៉ាងរស់រវើកតាមរយៈចម្លាក់ឈើយ៉ាងប្រណីត ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។ ជាការពិតណាស់ ចម្លាក់ឈើក្បាច់ប្រណីតទាំងនេះ ត្រូវបានធ្វើឡើងនៅកន្លែងចម្លាក់ឈើមួយកន្លែងស្ថិតក្នុងខេត្តព្រះវិហារ ដែលមានឈ្មោះថា ស្រអែមព្រះវិហារ។
តាមរយៈរូបចម្លាក់ឈើជាច្រើន ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក ស្រអែមព្រះវិហារ ឃើញថា ចម្លាក់ឈើនីមួយៗមានលក្ខណៈក្បាច់ជ្រៅៗ ច្បាស់ៗ មានភាពលម្អិតគ្រប់ជ្រុង ដែលពីមុនមកកម្រឃើញមានកន្លែងណាធ្វើដូចណាស់។ រូបនីមួយៗទៀតសោត ហាក់មើលទៅមានភាពរស់រវើក និងបង្ហាញអំពីទឹកដៃផ្ចិតផ្ចង់ខ្ពស់ ប្រើទាំងភាពអត់ធ្មត់ ពេលវេលា ការស្រលាញ់ បូករួមទាំងទេពកោសល្យ ក៏ដូចជាគំនិតសិល្បៈដែលយល់ច្បាស់អំពីតួអង្គ ជាពិសេសក្បាច់ខ្មែរតែម្តង។
គួរឱ្យដឹងដែរថា តាមការបង្ហោះរបស់ម្ចាស់ផេក រូបចម្លាក់ដ៏ប្រណីតទាំងនេះ ត្រូវបានធ្វើឡើងដោយដៃ និងជាស្នាដៃរបស់កូនខ្មែរពិតៗ៕