កូនស្រីបង្កើត លាក់សពឪពុកក្នុងផ្ទះជាង ២ ឆ្នាំមិនឱ្យគេដឹង ព្រោះចង់កិបគេងលុយចូលនិវត្តន៍ឪពុករាល់ខែ
សារព័ត៌មានតៃវ៉ាន់ បានរាយការណ៍ពីរឿងរ៉ាវករណីរបស់ស្រ្តីម្នាក់ ដែលបានលាក់សពឪពុកអាយុ ១០០ ឆ្នាំនៅក្នុងផ្ទះ មិនឱ្យគេដឹងថាគាត់ស្លាប់ ព្រោះតែចង់បានលុយចូលនិវត្តន៍របស់គាត់រាល់ខែ។
តាមព័ត៌មានបានឱ្យដឹងថា នាងបានស្នាក់នៅជាមួយនឹងឪពុក នៅលើអគារមួយកន្លែងជាយូរមកហើយ ហើយនៅថ្ងៃមួយនាងបានបដិសេធមិនឱ្យខាងអាជ្ញាធរចូលទៅបាញ់ថ្នាំការពារជំងឺគ្រុនឈាម រួចក៏ត្រូវបានគេផាកពិន័យ រួមទាំងបានសួរនាំទាក់ទងនឹងឪពុករបស់នាង។ នាងបានប្រាប់ប៉ូលិសថា ឪពុករបស់នាងកំពុងស្នាក់នៅមណ្ឌលចាស់ជរា ដល់ប៉ូលិសទៅរកក៏មិនឃើញ ក្រោយមកនាងក៏ប្រាប់ទៀតថា ឪពុកត្រូវបានបងប្រុសនាងនាំទៅលេងប្រទេសចិន តែខាងប៉ូលិសរកមិនឃើញព័ត៌មានការធ្វើដំណើរឆ្លងប្រទេសរបស់គាត់នោះទេ។
ប៉ូលិសក៏បានរកឃើញទៀតថា តាមពិតបងប្រុសរបស់នាងស្លាប់យូរណាស់ទៅហើយ លើកនេះនាងក៏ដោះសាទៀតថាឪពុកនាងស្លាប់នៅប្រទេសចិន នាងត្រូវរៀបចំឯកសារច្រើនទើបយកសពគាត់ត្រឡប់មកវិញបាន។ ក្នុងនោះដែរ អ្នកជិតខាងបានឱ្យដឹងថា គ្រួសាររបស់នាងបានស្នាក់នៅទីនេះជាង ៥០ ឆ្នាំហើយ ហើយក្រោយពីម្តាយនាងស្លាប់ទៅ នាងក៏រស់នៅតែពីរនាក់ឪពុកប៉ុណ្ណោះ។ កាលនោះ គេឧស្សាហ៍ឃើញនាងនាំឪពុកមកអង្គុយលេងនៅក្រៅដែរ តែពីរឆ្នាំក្រោយមកនេះ ក៏លែងឃើញនាងនាំឪពុកមកក្រៅទៀតឡើយ។
ក្រោយមកខាងអាជ្ញាធរក៏បានសម្រេចចិត្តចូលទៅឆែកឆេរផ្ទះរបស់នាង ក៏ឃើញថង់ពណ៌ខ្មៅមួយ មានផ្ទុកសាកសពរបស់បុរសម្នាក់ ដែលស្ងួតនៅសល់តែគ្រោងឆ្អឹង គឺជាសាកសពរបស់ឪពុកនាងនោះឯង។ ក្នុងនោះតុលាការសង្ស័យថា នាងបានលាក់សពរបស់ឪពុកបែបនេះ ព្រោះតែចង់បានលុយចូលនិវត្តន៍ពីអាជីពជាទាហានរបស់ឪពុកជារៀងរាល់ខែ។ ចំណែកប៉ូលិសក៏បានធ្វើការត្រួតពិនិត្យបន្ថែមពីមូលហេតុនៃការស្លាប់របស់ឪពុកនាង រួមជាមួយនឹងករណីពាក់ព័ន្ធជាច្រើនទៀត។ ហើយនាងក៏ត្រូវបានគេបញ្ជូនទៅព្យាបាលសិនផងដែរ ព្រោះតែគេរកឃើញថានាងកំពុងតែមានជំងឺផ្លូវចិត្ត៕