រំភើបណាស់! វត្ថុបុរាណដ៏មានតម្លៃចំនួន ២៧ ដុំ ត្រូវរដ្ឋាភិបាលអាមេរិកប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
វត្ថុបុរាណត្រូវបានចាត់ទុកជារតនសម្បត្តិ និងជាដួងព្រលឹងរបស់ដូនតា។ នៅក្នុងសម័យសង្គ្រាម វត្ថុបុរាណខ្មែរត្រូវបានបាត់បង់ជាច្រើន និងក្រោយមកក៏បានរកឃើញវិញជាបន្តបន្ទាប់នៅតាមប្រទេសនានា ខណៈដែលប្រទេសមួយចំនួនក៏បានប្រគល់ជូនមកកាន់កម្ពុជាវិញផងដែរ។
ជាដំណឹងដ៏រំភើបមួយទៀត ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន វត្ថុបុរាណរបស់ខ្មែរជាច្រើនដុំទើបត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៤ កន្លងទៅ ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក៕