ស្រ្តីម្នាក់ សម្រាលបានកូនភ្លោះ ៤ នាក់ តែពេលប្ដីលួចធ្វើតេស្ត DNA ស្រាប់តែរកឃើញកូនមានឪពុកខុសគ្នាទាំងអស់
ការរៀបការ មានកូន គឺជារឿងធម្មតាសម្រាប់គ្រួសារទូទៅ យ៉ាងណាមិញ សម្រាប់ស្ត្រីម្នាក់នៅក្នុងប្រទេសចិន បែរជាជួបប្រទះបញ្ហា រហូតចំណងអាពាហ៍ពិពាហ៍រយៈពេល ៣ ឆ្នាំរបស់នាង ប្រឈមនឹងដល់ផ្លូវបញ្ចប់ ដោយសារតែកំណើតកូនភ្លោះ ៤ នាក់របស់នាង។
តាមការឱ្យដឹង ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ស្វាមីរបស់ស្ត្រីខាងលើ បានទៅធ្វើការឆ្ងាយ និងកម្រនឹងមកលេងផ្ទះណាស់។ ជាធម្មតា នាងនៅផ្ទះតែម្នាក់ឯង ធ្វើការងារផ្ទះ និងមើលថែទាំជីដូនជីតារបស់នាង។ យ៉ាងណាមិញ ក្រោយរៀបការបាន ២ ឆ្នាំ ស្រាប់តែនាងបានប្រកាសដំណឹងល្អថា នាងកំពុងពពោះ ហើយអ្វីដែលកាន់តែរំភើបជាងនេះនោះ គឺនាងមានទម្ងន់កូនភ្លោះរហូតដល់ទៅ ៤ នាក់ទៀតផង។
ដំណឹងនេះដែរ បានធ្វើឱ្យក្រុមគ្រួសាររបស់នាង និងស្វាមី មានក្ដីរំភើបចិត្តជាខ្លាំង និងបានមើលថែទាំនាងយ៉ាងល្អ រហូតសម្រាលបានកូនៗដ៏គួរឱ្យស្រឡាញ់ ៤ នាក់ ប្រកបដោយសុវត្ថិភាព។ រយៈពេល ៦ ខែក្រោយមក ស្វាមីរបស់ស្ត្រីជនជាតិចិនរូបនេះ ចាប់ផ្ដើមមានអារម្មណ៍ថា កូនៗ ៣ នាក់ក្នុងចំណោមកូន ៤ នាក់របស់លោក កាន់តែធំឡើងមុខមាត់កាន់តែខុសពីលោក ដែលជាហេតុធ្វើឱ្យលោកមានការសង្ស័យជាខ្លាំង។
ដោយមិនអស់ចិត្ត លោកក៏បានលួចទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ DNA ស្ងាត់ៗ ហើយលទ្ធផលចេញមក បានធ្វើឱ្យលោកមានការភ្ញាក់ផ្អើលជាខ្លាំង។ លទ្ធផលបានបង្ហាញថា កូនទាំង ៤ នាក់នោះ មានតែម្នាក់ប៉ុណ្ណោះដែលជាកូនបង្កើតរបស់លោក ដោយកូនផ្សេងៗទៀត គឺមានឪពុកផ្សេងគ្នាទាំងអស់។ ដោយមិនជឿនឹងលទ្ធផល បុរសរូបនោះ ក៏បានសួរគ្រូពេទ្យឱ្យពន្យល់បញ្ជាក់លម្អិត ហើយគ្រូពេទ្យបានរៀបរាប់ថា ជាធម្មតា មនុស្សស្រី បញ្ចេញពងអូវុលតែម្ដងប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែក្នុងករណីខ្លះ ស្ត្រីអាចបញ្ចេញពងអូវុលច្រើនដង អំឡុងពេលកំពុងពពោះ។
ដោយឡែក ចំពោះករណីកូនភ្លោះដែលមានឪពុកខុសៗគ្នានេះវិញ គឺអាចកើតមានឡើងអំឡុងពេលដែលម្ដាយបញ្ចេញពងអូវុលច្រើនក្នុងវដ្តរដូវតែមួយ ហើយបានរួមភេទជាមួយដៃគូច្រើននាក់។ ដូចនេះ ពងទាំងនោះ អាចបង្កកំណើតបានដោយមនុស្សប្រុសផ្សេងគ្នា ដែលជាលទ្ធផលធ្វើឱ្យទារកមានឪពុកខុសគ្នាបែបនេះ។
ក្រោយឮការរៀបរាប់របស់គ្រូពេទ្យរួចហើយ បុរសជាប្ដីស្លុតអារម្មណ៍សឹងតែដួលសន្លប់ ហើយក្រោយពីការជជីកសួរដេញដោលជាច្រើនលើកច្រើនសា ទើបស្ត្រីជាប្រពន្ធដាច់ចិត្តទម្លាយការពិតប្រាប់ប្ដីថា ក្នុងពេលប៉ុន្មានខែ ក្រោយប្ដីរបស់នាងទៅធ្វើការកន្លែងឆ្ងាយ នាងក៏បានរកមនុស្សតាមអនឡាញជជែកគ្នាលេង ដោយក្រោយមកក៏ឈានដល់មានទំនាក់ទំនងជាមួយគ្នា រហូតណាត់ជួបគ្នាប្រព្រឹត្តរឿងមិនគប្បីទាំងនេះ។ ចុងក្រោយ ដោយមិនអាចទទួលយកទង្វើរបស់ប្រពន្ធបាន បុរសជាប្ដីក៏បានសម្រេចចិត្តដាក់ពាក្យលែងលះគ្នា៕