យំលែងចេញ! ខំប្រមូលលុយញើសឈាមសន្សំទិញខុនដូរទំនើបមួយរស់នៅ បែរជាស៊យធំ ទិញប៉ះចំខុនដូរជញ្ជាំងធ្វើពីស្នោ
មហាជននៅតាមបណ្តាញសង្គមចិន កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើរឿងខុនដូរទំនើបមួយកន្លែង ដែលគ្មានគុណភាព លេងធ្វើជញ្ជាំងឡើងពីបន្ទះស្នោយ៉ាងមិនគួរឱ្យជឿ ហើយទាំងគ្មានទំនួលខុសត្រូវទៀត។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ខុនដូរមួយកន្លែងនេះ ស្ថិតនៅក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន ហើយបើតាមនារីម្នាក់ ដែលស្នាក់នៅទីនោះ បានឱ្យដឹងថា នាងបានទិញខុនដូរនេះមួយបន្ទប់នៅជាន់ទី ២៤ ក្នុងតម្លៃ ១០ លានយ័ន ដែលស្មើប្រហែលនឹង ១.៣ លានដុល្លារ។ នាងបានចូលមកស្នាក់នៅជាច្រើនខែមកហើយ តែថ្មីៗនេះទើបតែចាប់អារម្មណ៍ដើរពិនិត្យមើល ក៏ឃើញថាជញ្ជាំងក្នុងបន្ទប់របស់កូននាង គឺសុទ្ធតែមានបន្ទះស្នោនៅពីខាងក្នុងទាំងអស់។ នាងពិតជាហួសចិត្តណាស់ ព្រោះមិននឹកស្មានថា ចំណាយលុយដល់លានដុល្លារ តែបែរជាបានបន្ទប់ខុនដូរបែបនេះ វាពិតជាធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចចំពោះរឿងសុវត្ថិភាពណាស់។
យ៉ាងណាមិញ ក្នុងនោះមិនមែនត្រឹមតែបន្ទប់របស់នាងទេ ដែលមានជញ្ជាំងធ្វើពីស្នោ ពោលគឺយ៉ាងតិចណាស់ ៥ បន្ទប់នៅលើអគារខុនដូរនេះ ក៏ត្រូវបានគេប្រទះឃើញបញ្ហាដូចគ្នាដែរ។ ខាងអ្នកស្នាក់នៅ ក៏បានផ្តល់ដំណឹងដល់ខាងម្ចាស់ខុនដូរផងដែរ ម្នាក់ៗភ័យព្រួយព្រោះមួយរយៈនេះមានព្យុះមានភ្លៀងច្រើន តែខាងម្ចាស់ខុនដូរហាក់ដូចជាមិនយកចិត្តទុកដាក់សោះ ចេះតែរកលេសមកដោះសា និងមិនមានវិធានការដោះស្រាយឱ្យភ្ញៀវឡើយ។ ដោយឡែក ខាងអាជ្ញាធរពាក់ព័ន្ធប្រចាំតំបន់ ក៏បានចុះទៅត្រួតពិនិត្យផងដែរ ហើយគេឃើញថាជញ្ជាំងពិតជាធ្វើឡើងពីស្នោមែន តែវាមិនបានពាក់ព័ន្ធទៅលើការទ្រទម្ងន់របស់អគារទាំងមូលនោះទេ៕