យន្តហោះគ្រឿងទី ១ នៅកម្ពុជា រចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia ធំៗ ងាកសម្គាល់ថាជារបស់ខ្មែរ
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ តាមរយៈផេកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារ ស្វាគមន៍យន្តហោះគ្រឿងទី ១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
រូបរាងដ៏ស្រស់ស្អាតនៃយន្តហោះ គ្រឿងទី ១ របស់ Air Asia Cambodia នេះផងដែរ មានការរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ រីឯ ការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។
សូមបញ្ជាក់ផងដែរថា កាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយនេះ នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ៕
ប្រភព ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត