បណ្ណបើកបរហួសសុពលភាពអាចបន្តបាន បើមានឯកសារ ៤ នេះ តែបើហួស ៣០ ថ្ងៃ ពិន័យ ១ ថ្ងៃ ៥០០ រៀល
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ ថ្មីៗនេះ បានឆ្លើយតបទៅនឹងសំនួរថា ៖ «តើបណ្ណបើកបរដែលហួសសុពលភាព អាចបន្តបានដែរឬទេ? តម្រូវឯកសារអ្វីខ្លះ? តម្លៃសេវាប៉ុន្មាន?»
ក្នុងនោះក្រសួងក៏បានបញ្ជាក់ឱ្យបានដឹងផងដែរថា បណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយមានឯកសារតម្រូវដូចជា ៖
១. បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. លិខិតបញ្ជាក់កាយសម្បទា (មាននៅកន្លែងផ្តល់សេវា)
៤. រូបថត ៤*៦ ផ្ទៃពណ៌សចំនួន ៣ សន្លឹក
ក្រសួងបានបន្តទៀតថា បណ្ណបើកបរហួសសុពលភាពចាប់ពី ៣០ ថ្ងៃឡើងទៅ នឹងមានការពិន័យ ៥០០ រៀល ក្នុង ១ ថ្ងៃ។ ហើយចំពោះតម្លៃសេវា បណ្ណប្រភេទ “ក” តម្លៃ ២០០០០ រៀល, បណ្ណប្រភេទ “ខ” “គ” “ឃ” “ង” តម្លៃ ៣០០០០ រៀល។ប្រសិនបើបងប្អូនមានចម្ងល់លើសេវាសាធារណៈក្រសួង អាចទាក់ទងលេខប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ៖ 1275៕