ផ្ដើមពីស្រ្តីបិតស្រារាយរង គ្មានអ្នកគាំទ្រ ដល់ឥឡូវសុទ្ធតែភ្ញៀវធំៗកុម្មង់ដាក់កន្លែងលំដាប់ៗ
ផ្តើមចេញពីការផលិតដោយដៃ ស្ត្រីខ្មែរម្នាក់រស់នៅលើទឹកដីអង្គរ ឈ្មោះ អ៊ុន សុផារី បានកំពុងតែសម្រិតសម្រាំងផលិតស្រាជីនដ៏មានគុណភាព និងកំពុងមានតម្រូវការខ្ពស់នៅខេត្តសៀមរាប។ ផលិតផលស្រារបស់អ្នកស្រីមានម៉ាកសញ្ញាថា «សុរា ជីន គូលែន» ដែលជាប្រភេទស្រាជីនចម្រាញ់ចេញពីរុក្ខជាតិដាំដុះដោយផ្ទាល់ដៃនៅឯដីចម្ការរបស់ខ្លួន។
ប្រភពដូចទៅនឹងឈ្មោះម៉ាកស្រា «សុរា ជីន គូលែន» ត្រូវបានប្រើគ្រឿងផ្សំដែលដំាដុះនៅឯជើងភ្នំគូលែន លាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៣០ ហិកតា។ បើនិយាយអំពីដំណើរដើមទង ដំបូងឡើយកាលពីឆ្នាំ ២០១៤ ដីចម្ការនេះ អ្នកស្រី អ៊ុន សុផារី បានដាំរុក្ខជាតិគ្រឿងផ្សំសម្រាប់ធ្វើផលិតផលផ្សេងៗដូចជា តែសុខភាព ប្រេងសម្រាប់រឹតម៉ាស្សា ថ្នាំបាញ់មូស និងទឹកស្លឹកគ្រៃបាញ់មុខជាដើម។ ក្រោយមកអ្នកស្រីក៏បានសិក្សាបន្ថែមអំពីស្រាថ្នាំខ្មែរដែលមានប្រយោជន៍ចំពោះសុខភាព ដែលការសិក្សានេះបានធ្វើឱ្យអ្នកស្រីចាប់ផ្តើមមានគំនិតបង្កើតជាស្រាជីន សម្រាប់ធ្វើជាគ្រឿងផ្សំលាយស្រាក្រឡុក ដែលដាក់លក់នៅបាររបស់ខ្លួនមួយកន្លែងនៅក្នុងក្រុងសៀមរាប។
ដោយមានការពេញចិត្តចំពោះរសជាតិ និងការគាំទ្រពីអតិថិជន ក៏ដូចជាមិត្តភក្តិ និងក្រុមគ្រួសារផងនោះ អ្នកស្រី អ៊ុន សុផារី បានចាប់ផ្តើមបិតស្រាច្រកក្នុងដប បង្កើតជាម៉ាក ជាផលិតផល រួចដាក់លក់ផ្លូវការចាប់ពីប៉ុន្មានពីរឆ្នាំចុងក្រោយមកនេះ។
ត្រលប់ទៅកាលផលិតស្រាដំបូង អ្នកស្រី អ៊ុន សុផារី ថាអ្វីដែលជាផលលំបាកមានតែម្យ៉ាងប៉ុណ្ណោះ គឺដោយសារតែអ្នកស្រីជាស្ត្រីផលិតស្រា ដូច្នេះគេមិនសូវឱ្យតម្លៃនូវអ្វីដែលស្ត្រីធ្វើនោះទេ។ តែយ៉ាងណាមិញ ក្រោយមិនបោះបង់ការព្យាយាម និងរក្សាការផលិតយកគុណភាព និងរសជាតិកម្រិតស្តង់ដា បច្ចុប្បន្នផលិតផលស្រាជីនរបស់អ្នកស្រីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវធំៗនៅក្នុងខេត្តសៀមរាប មានដូចជាខាង បារ ឡោញ ភោជនីយដ្ឋានប្រណីត និងសណ្ឋាគារលំដាប់ៗជាដើម។
សម្លឹងវែងឆ្ងាយទៅថ្ងៃខាងមុខ អ្នកស្រី អ៊ុន សុផារី ចង់ឃើញផលិតផលខ្មែរមានការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវទាំងក្នុង និងក្រៅប្រទេស ជាពិសេសមានការគាំទ្រពីប្រជាជនខ្មែរទៅលើផលិតផលខ្មែរយើងកាន់តែច្រើន៕