ម្តាយចិត្តអប្រិយ ប្លុងកូនស្រីចោលនៅសួនកម្សាន្តថ្ងៃមុនមិនទៅយកវិញ តែដំណឹងឮដល់ជីដូននៅប្រទេសចិន នឹងមកយកចៅស្រីឆាប់ៗ
កាលពីល្ងាចថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកតៗគ្នានូវករណីមួយ ដែលម្តាយបានយកកូនស្រី ២ នាក់ ទៅលេងនៅកន្លែងកម្សាន្តមួយកន្លែងម្តុំបឹងកក់ ហើយទុកកូនចោលនៅទីនោះ មិនមកយកទៅវិញតាំងពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤។
ដំណឹងខាងលើ ទទួលបានពីគណនីឈ្មោះថា Chanroeun Ry បានបង្ហោះឱ្យដឹងថា៖ «មកយកកូនវិញទៅ កុំទុកគ្នាចោលអ៊ីចឹងអី អាសូរណាស់កូនស្អាតៗហើយចេះណាស់ កូនទាំងពីរនេះពួកគាត់ចេះនិយាយភាសាចិន និង អង់គ្លេស) ពេលសួរគាត់ថា Is your mummy? Yes my mummy បើមានសាច់ញាតិបានឃើញ អាចទាក់ទងលេខក្មួយខ្ញុំបាន 070 272 592។ គាត់យកមកប្លុងចោល នៅតំបន់កម្សាន្ត Sunshine Family Park នៅបឹងកក់ សូមអរគុណ»។
ក្នុងនោះ ក្រោយពីមិនឃើញម្តាយមកយកក្មេងស្រីទាំង ២ ទៅវិញនោះ អ្នកគ្រប់គ្រងសួនកម្សាន្តខាងលើបានយកក្មេងស្រីទាំង ២ ទៅមើលថែ និង បន្តការស្វែងរកគ្រួសារក្មេងឱ្យពួកគេផងដែរ។
យ៉ាងណា នៅយប់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារនូវដំណឹងល្អថា ក្មេងស្រីទាំង ២ មិនមានម្តាយមកយកវិញទេ តែលោកយាយរស់នៅឯប្រទេសចិន បានទទួលដំណឹង និង កំពុងរត់ការមកទទួលចៅស្រីហើយ។
សារនោះបានរៀបរាប់ថា៖ «ដំណឹងល្អក្មេងទាំងពីរនេះទោះម្តាយគាត់បោះបង់ ប៉ុន្តែដំណឹងនេះបានឮដល់យាយរបស់គាត់នៅប្រទេសចិន យាយគាត់កំពុងរត់ឯកសារពាក់ព័ន្ធនឹងពួកគាត់ ដើម្បីធានាយកគាត់ទៅចិញ្ចឹមវិញហើយ។ សូមអបអរសារទរ»៕