អីយ៉ាស់ផ្លូវការហើយ! នេះជាខេត្តគ្រងជើងឯកពិតប្រាកដទាំង ៥ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៤ ថ្ងៃ
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានកន្លងផុតហើយ ដោយប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទូទាំងប្រទេស បានជួបជុំក្រុមគ្រួសារ និង ធ្វើដំណើរកម្សាន្តទៅតាមបណ្ដាខេត្ត រមណីដ្ឋាននានា ធ្វើឱ្យចំនួនភ្ញៀវទេសចរសរុបក្នុងរយៈពេលចូលឆ្នាំខ្មែរ ៤ ថ្ងៃនេះ គិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ សរុបចំនួនជាង ២១.៧០ លាននាក់ ពោលគឺកើនឡើងជាងរាល់ឆ្នាំកន្លងមក។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញឱ្យឃើញថា នៅតាមបណ្ដារាជធានីខេត្តនីមួយៗ ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកកកុញ ហើយខេត្តចំនួន ៥ បានជាប់ជាជើងឯក មានអ្នកទៅកម្សាន្តច្រើនជាងគេរយៈពេលបុណ្យចូលឆ្នាំខ្មែរ ៤ ថ្ងៃនេះ ដូចខាងក្រោម ៖
១. ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរចំនួន ៥ ៣៤៩ ៨១១នាក់
២. ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរចំនួន ២ ២៩៨ ៤០២នាក់
៣. ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរចំនួន ២ ១០៣ ៩១៥នាក់
៤. ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរចំនួន ១ ៧៣៤ ៦២៩នាក់
៥. ខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន ១ ៤០៣ ៤៩៧នាក់
គួរបញ្ជាក់ថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕
រូបភាព៖ ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម