ក្ដៅៗ! សំណុំរឿង ឡេង ចាន់ណា ត្រូវសាលាដំបូងខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារចំនួន ១៨៣ គណនី និង ទ្រព្យសម្បត្តិមួយចំនួន
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានជម្រាបជូនសាធារណជន និង បណ្តាញសារព័ត៌មាន ឱ្យបានដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្តកិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖
១. បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និង ទ្រព្យសម្បត្តិមួយចំនួន។
២. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ២ នាក់ និង បានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤។
៣. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និង សាវតារជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនផងដែរថា សាលាដំបូងខេត្តសៀមរាប បាន និង កំពុងចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និង យុត្តិធម៌ដោយអនុវត្តតាមច្បាប់ និង នីតិវិធីជាធរមាន។ សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះក៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖