តាយាយមួយគូ ត្រឡប់មកកាន់ដៃគ្នារៀបការទាល់តែបាន ក្រោយបែកបាក់ស្នេហាអស់ជាច្រើនទសវត្សរ៍តាំងពីសម័យនៅរៀនវីទ្យាល័យ
មហាជនកំពុងរំជួលចិត្តជាខ្លាំងនៅក្រោយរឿងរ៉ាវស្នេហារបស់លោកតាលោកយាយគូស្នេហ៍ជនជាតិចិនមួយគូ ដែលទើបតែកាន់ដៃគ្នាចូលរោងការ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
ព័ត៌មានបានឱ្យដឹងថា លោកតាមានវ័យ ៨៦ ឆ្នាំ តែបានសម្រេចបំណងចុងក្រោយជាការចូលរោងការជាមួយស្រ្តីដែលជាស្នេហាលើកដំបូងតាំងពីវ័យនៅរៀន។ តាមពិតលោកតា និង លោកយាយធ្លាប់បានទាក់ទងស្នេហាជាមួយគ្នាតាំងពីសម័យនៅរៀនវិទ្យាល័យមកម្ល៉េះ ហើយជាគូស្នេហ៍មួយដែលមានមិត្តភក្តិគាំទ្រច្រើនទៀតផង តែដោយសារមូលហេតុមួយចំនួនទើបធ្វើឱ្យទាំងគូមិនបានបន្តស្នេហាជាមួយគ្នាទៀតឡើយ ហើយក៏បានចែកផ្លូវគ្នាតាំងពីពេលនោះមកម្ល៉េះ។
យ៉ាងណាមិញ ពិតជាគូព្រេងនឹងគ្នាពិតមែន ក្រោយមកជាច្រើនទសវត្សរ៍ អតីតគូស្នេហ៍ទាំងពីរក៏បានមកជួបគ្នាដោយចៃដន្យ ហើយដោយសារតែចិត្តស្នេហ៍ដែលនៅមាន ទើបសម្រេចចិត្តសាងស្នេហ៍ថ្មីម្តងទៀត រហូតឈានដល់ការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ និង ប្រើប្រាស់ពេលវេលាចុងក្រោយនៃជីវិតជាមួយគ្នា។ ដោយឡែក មហាជនឃើញហើយពិតជារំជួលចិត្តចំពោះស្នេហានេះណាស់ ម្យ៉ាងក៏នឹកឃើញដល់ពាក្យមួយផងដែរ ដែលគេបើជាគូពិតជាមិនព្រាត់នោះទេ៕