សម័យឥលូវសម្បូរអ្នកបន្លំធ្វើជា Introvert យកចរិតពិតគេមកបាំងមុខ តែតាមពិតចរិតខ្លួនឯងចូលចិត្តអួតចង់បានចំណាប់អារម្មណ៍សោះ!
ថ្មីៗនេះ នៅតាមបណ្តាញសង្គមកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំងទៅ Introvert និង Extrovert ដែលជាលក្ខណៈសម្គាល់អត្តចរិតមនុស្ស។ ក្នុងនោះ Introvert គឺសំដៅដល់មនុស្សដែលមានអត្តចរិតស្ងៀមស្ងាត់ មិនសូវមាត់មិនសូវ-ក រីឯ Extrovert គឺសំដៅដល់មនុស្សដែលរួសរាយរាក់ទាក់ និង ចូលចិត្តទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
យ៉ាងណាមិញ មនុស្សដែលមានលក្ខណៈ Introvert មកពីធម្មជាតិ គឺជាមនុស្សដែលឱ្យតម្លៃទៅលើភាពផ្ទាល់ខ្លួនជាទីបំផុត។ មនុស្សប្រភេទនេះ មានព្រុំដែនច្បាស់លាស់រវាងខ្លួន និង អ្នកដទៃ ពួកគេពុំចូលចិត្តឱ្យអ្នកណាមកលូកលាន់រឿងរ៉ាវផ្ទាល់ខ្លួននោះទេ។ អាចនិយាយបានថា ពួកគេហាក់ដូចជាមានអាថ៌កំបាំងច្រើននៅក្នុងខ្លួន ហើយក៏ព្យាយាមរក្សាអាថ៌កំបាំងទាំងនេះ ដោយសូវមាត់-ក មិនចូលចិត្តបកស្រាយច្រើន ឬ ការមិនបង្ហាញការគិតដោយបើកចំហឡើយ។
មនុស្ស Introvert ភាគច្រើនចូលចិត្តគិតច្រើនជាងនិយាយ ព្រមទាំងចូលចិត្តវិភាគបរិស្ថាន និង មនុស្សនៅជុំវិញខ្លួនដោយមិនឱ្យអ្នកដទៃដឹងនោះទេ។ ដោយឡែក មិនមែនថាពួកគេមិនចូលចិត្តនិយាយស្តីនោះទេ តែពួកគេតែងតែបញ្ចេញភាពជាខ្លួនឯងជាមួយតែរង្វងង់មនុស្សជិតស្និទ្ធប៉ុណ្ណោះ។
ដូច្នេះហើយ ដើម្បីបែងចែកខ្លួនឯងថាជា Introvert ឬ Extrovert គួរតែសង្កេតមើលអត្តចរិតខ្លួនឯងឱ្យបានច្បាស់ថា អត្តចរិតនេះមកពីកំណើត ឬ គ្រាន់តែជាអត្តចរិតដែលឆ្លើយតបទៅនឹងបរិស្ថានក្នុងរយៈពេលខ្លី។ ការដែលដឹងថា ខ្លួនជាមនុស្ស Introvert ឬ Extrovert ពិតជាអាចជួយយើងបានច្រើនក្នុងចុះសម្រុងជាមួយនឹងអ្នកដទៃ ព្រមទាំងជួយឱ្យយើងស្វែងយល់ពីខ្លួនឯងបានកាន់តែល្អផងដែរ។
យ៉ាងណាមិញ ស្របគ្នានេះបច្ចុប្បន្នដោយសារមនុស្សដែលមានអត្តចរិតបែប Introvert ត្រូវគេចាប់អារម្មណ៍ច្រើន ទើបគេសង្កេតឃើញមានមនុស្សមួយចំនួនដែលមិនមានអត្តចរិតបែបនេះសោះ តែបានមកបន្លំខ្លួនធ្វើជាមានអត្តចរិតបែបនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និង កេងប្រវញ្ចលើមនុស្សដែលមានអត្តចរិតនេះពិតប្រាកដ ដោយចូលចិត្តបង្ហោះបង្ហញារឿងរ៉ាវខ្លួនឯង ការគិតខ្លួនឯង ការលើកកម្ពស់ខ្លួនឯង សកម្មភាពខ្លួនឯង ដូចជាការដើរកម្សាន្តតាមកន្លែងស្អាតៗ ឬ ក្រៅប្រទេស ជាដើម តាមបណ្តាញសង្គមនានាឱ្យគេបានដឹង និង ឃើញ ដែលតាមពិតការបង្ហោះបង្ហាញពីមនុស្សមួយចំនួននោះ គឺគ្រាន់តែចង់បង្អួតភាពហាយសូររបស់ខ្លួនដល់គេប៉ុណ្ណោះ។ ត្រង់ចំណុចនេះ មនុស្សដែលមានអត្តចរិត Introvert ពិតប្រាកដនោះ គឺគេកម្រ ឬ មិនដែលផុសពីអ្វីដែលជាសកម្មភាពខ្លួនកំពុងធ្វើតាមបណ្ដាញសង្គមនោះទេ ដោយគេទៅកន្លែងស្ងប់ស្ងាត់ គឺគេពិតជាចង់បានភាពស្ងប់ស្ងាត់ពិតប្រាកដ៕