សង្ក្រាន្តឆ្នាំថ្មីហើយ បើអាចដោះលែងរឿង ៥ យ៉ាងនេះបាន ធានាថាផ្លូវចិត្តល្អប្រសើរ ជីវិតមានតែក្ដីសុខ
ពេលវេលាមិនរង់ចាំមនុស្សនោះឡើយ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ ខណៈមនុស្សយើងម្នាក់ៗ តែងតែព្យាយាមកែប្រែខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យជីវិតមានសុខសុភមង្គល ជៀសផុតពីបញ្ហានៅឆ្នាំចាស់ ព្រមទាំងលះបង់នូវទម្លាប់ចាស់ៗមួយចំនួន ដែលធ្វើឱ្យផ្លូវចិត្តទ្រុឌទ្រោម គ្មានកម្លាំងងើបមុខប្រឈមទៅនឹងបញ្ហាទូទៅ។
ជាក់ស្ដែង ចូលមកដល់ឆ្នាំថ្មីនេះ ប្រសិនបើចង់ឱ្យផ្លូវចិត្តល្អប្រសើរ ជីវិតមានតែសេចក្ដីសុខ ប្រិយមិត្តគួរតែលះបង់នូវរឿងរ៉ាវទាំង ៥ យ៉ាងនេះ ដែលមានដូចជា ៖
១. លះបង់មនុស្សដែលធ្វើបាបអ្នក ឬ បំផ្លាញទឹកចិត្តអ្នក
ជីវិតនេះខ្លីណាស់ សូមកុំរឹងរូស រស់នៅជាមួយមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ និង បំផ្លាញទឹកចិត្តរបស់អ្នក។ ឆ្នាំចាស់កន្លងផុតទៅ ឆ្នាំថ្មីក៏ឈានចូលមកដល់ បើអ្នកអាចលះបង់មនុស្សដែលមិនល្អចំពោះអ្នក ធ្វើឱ្យអ្នកឈឺចាប់ ពេលនោះហើយអ្នកនឹងមានអារម្មណ៍ថាស្រាល និង សុខស្រួលទាំងចិត្តទាំងកាយ។ នៅពេលអ្នកបោះបង់មនុស្សប្រភេទនេះ មិនថាមិត្តភាព ឬ ស្នេហា ការងារ នោះនឹងនាំឱ្យអ្នកទទួលបាននូវឱកាសថ្មីៗជាច្រើន។
២. លះបង់ពាក្យចចាមអារ៉ាមអាក្រក់អំពីខ្លួនអ្នក
ជាការពិតណាស់ ឈាចូលមកដល់ឆ្នាំថ្មីហើយ ប្រសិនបើអ្នកបានឮអ្នកដទៃនិយាយអាក្រក់ពីអ្នក គួរតែខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ ហើយកុំយកវាមកទុកនៅក្នុងចិត្ត។ ត្រូវចាំថាក្នុងជីវិតនេះ យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់រូបបានទេ ដូច្នេះកុំព្យាយាមស្តាប់អ្នកដទៃនិយាយអាក្រក់ពីអ្នក ហើយគិតអវិជ្ជមានធ្វើឱ្យខ្លួនឯងកាន់តែវេទនា។
៣. លះបង់ទម្លាប់អាក្រក់ផ្ទាល់ខ្លួនរបស់អ្នកដែលមាននៅក្នុងឆ្នាំចាស់
វិធីមួយដែលអាចឱ្យយើងមានអារម្មណ៍ថារស់នៅប្រសើរជាងមុន គឺការផ្លាស់ប្តូរទម្លាប់អាក្រក់។ ប្រសិនបើអ្នកមានទម្លាប់អាក្រក់ជាច្រើននៅក្នុងឆ្នាំចាស់កន្លងមក សូមព្យាយាមកែតម្រូវវាម្ដងបន្តិចៗ ដោយជំនួសមកវិញនូវទម្លាប់ល្អៗ មានប្រយោជន៍ដល់ជីវិតរបស់លោកអ្នក ដូចជាការអានសៀវភៅ និង ការចំណាយពេលវេលាស្វែងយល់ពីខ្លួនឯងជាដើម។ ឆ្នាំថ្មីហើយ សូមកុំរស់នៅជាមួយទម្លាប់មិនល្អចាស់ៗទៀតអី។
៤. លះបង់អត្តចរិកប្រកាន់ខ្ជាប់ក្នុងចិត្ត
ចូលមកដល់ឆ្នាំថ្មីហើយ សូមកុំមានជម្លោះជាមួយអ្នកដទៃ ហើយទុកវាឱ្យនៅខាងក្នុងចិត្តរបស់អ្នកបន្តទៀតអី។ ឆ្នាំចាស់បានកន្លងផុតទៅ សូមឱ្យចេះរាប់អានគ្នា ប្រកបទៅដោយភាពសប្បុរស និង ការអធ្យាស្រ័យ។ ត្រូវចាំថា ជីវិតមនុស្សដូចជាការធ្វើដំណើរនៅលើរថភ្លើង មនុស្សមួយចំនួនដែលឆ្លងកាត់ជីវិតរបស់អ្នកនឹងនៅជាមួយអ្នក ហើយក៏មានមនុស្សមួយចំនួនទៀតនឹងត្រូវចាកចេញ។ សូមរស់នៅដោយគោរពគ្នាទៅវិញទៅមក។
៥. លះបង់ទុក្ខព្រួយក្នុងចិត្ត
ចូលឆ្នាំថ្មីនេះ បើចង់ស្វាគមន៍លាភសំណាងធំក្នុងជីវិត រឿងដែលគួរធ្វើនោះ គឺរស់នៅឱ្យមានសុភមង្គលក្នុងបច្ចុប្បន្នភាព លះបង់ចោលនូវរាល់ទុក្ខព្រួយក្នុងចិត្ត។ មិនថាជីវិតលោកអ្នកជួបទុក្ខលំបាកធំប៉ុណ្ណា សូមកុំចំណាយពេលគិតរឿងអវិជ្ជមាន គប្បីតស៊ូក្រោកឈរបន្តដំណើរជីវិតទៅមុខទៀត៕