កូន ៧ នាក់ តែខែបុណ្យទានមិនមកលេងផ្ទះ ទុកឱ្យម្តាយអាយុ ៩០ ឆ្នាំ អង្គុយរង់មើលផ្លូវតែឯងម៉ង់ៗគួរឱ្យអាសូរ
រឿងរ៉ាវដ៏គួរឱ្យខ្លោចចិត្តមួយ កំពុងតែត្រូវបានចែកចាយពេញបណ្តាញសង្គមថៃ ដោយមានយាយវ័យ ៩០ ម្នាក់ អង្គុយនៅខាងមុខផ្ទះយ៉ាងត្រមង់ត្រមោចគួរឱ្យអាណិត ដើម្បីរង់ចាំកូនទាំង ៧ នាក់មកលេងនៅក្នុងថ្ងៃចូលឆ្នាំ។
រឿងរ៉ាវមួយនេះ ត្រូវបានចែកចាយដោយនារីម្នាក់ចូលទៅក្នុងបណ្តាញសង្គម។ ក្នុងនោះ នាងបានផ្តិតវីដេអូសកម្មភាពរបស់លោកយាយ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដែលកំពុងតែអង្គុយម្នាក់ឯងនៅមុខផ្ទះជាងមួយម៉ោង មើលទៅហាក់ដូចជាកំពុងរង់ចាំនរណាម្នាក់។ នាងក៏បានទៅសួរនាំ ទើបលោកយាយក៏បានប្រាប់ថា ខ្លួនអង្គុយចាំកូនៗមកលេងធ្វើឱ្យនាងរំជួលចិត្តនឹកអាណិតលោកយាយជាខ្លាំង។
វីដេអូមួយនេះ ទទួលបានការរំជួលចិត្តចាប់អារម្មណ៍ច្រើនណាស់ ហើយលោកយាយក៏ត្រូវបានគេចុះទៅសួរនាំម្តងទៀតផងដែរ។ លោកយាយបានឱ្យដឹងទៀតថា នៅថ្ងៃនោះលោកយាយបានអង្គុយចាំកូនចៅមកលេង តែក៏គ្មាននរណាមកសោះ។ លោកយាយបានព្យាយាមប្រាប់កូនចៅថាឱ្យមកលេងខ្លួនផង មកនាំខ្លួនទៅពេទ្យផង តែម្នាក់ៗសុទ្ធតែរវល់ធ្វើការមិនមានពេលមកជិតឡើយ។ លោកយាយពិតជាពិបាកចិត្តខ្លាំងណាស់ ព្រោះអាយុ ៩០ ហើយ មិនដឹងជាស្លាប់ថ្ងៃណា។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា លោកយាយមានកូនទាំងអស់ ៧ នាក់ ហើយមានអ្នកខ្លះក៏បានមកលេងផងដែរ នៅពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ តែក៏ប្រញាប់ត្រឡប់ទៅវិញអស់។ ដោយឡែក មហាជនមួយចំនួននាំគិតថាលោកយាយកើតជំងឺវង្វេងវង្វាន់ទើបភ្លេចថាកូនមកលេង តែអ្នកខ្លះទៀតក៏គិតថា មិនគួរទុកឱ្យម្តាយនៅតែម្នាក់ឯងនៅក្នុងថ្ងៃបុណ្យថ្ងៃទានយ៉ាងនេះទេ៕