ក្រុមជីកដីសង់ផ្ទះនៅសៀមរាប ត្រូវ Nas Daily ផ្សព្វផ្សាយម្តងទៀតទៅកាន់ពិភពលោក
អ្នកចូលចិត្តតាមដានវីដេអូប្លែកៗនៅលើពិភពលោក ជឿជាក់ថាប្រាកដជាស្គាល់ Nas Daily យ៉ាងច្បាស់ ដោយវាគឺជាក្រុមហ៊ុនបង្កើតការផ្សព្វផ្សាយដ៏ធំតាមរយៈគណនីឬទំព័រ នៅលើបណ្តាញសង្គមនានាដូចជា Facebook, Instagram និង TikTok ជាដើម។ តាមរយៈវីដេអូ ដែលធ្វើបទបង្ហាញដោយស្ថាបនិកក្រុមហ៊ុនផ្ទាល់ លោក Nuseir Yassin ជនជាតិអ៊ីស្រាអែល-ប៉ាឡេស្ទីន ក្នុងមួយខែៗ ក្រុមហ៊ុននេះអាចបញ្ជ្រាបព័ត៌មានទៅកាន់មនុស្សលើពិភពលោកច្រើនជាង ៣០០ លាននាក់។
អ្វីដែលកាន់តែអស្ចារ្យសម្រាប់កម្ពុជា ថ្មីៗនេះ Nas Daily បានធ្វើការបង្ហោះឡើងវិញម្តងទៀតនូវវីដេអូបង្ហាញពីការសាងសង់ផ្ទះពីដី និងដីឥដ្ឋ ដែលជាស្នាដៃរបស់កូនខ្មែរ។ លោក ម៉ូលី ជាកូនខ្មែរដែលជាអ្នកបង្កើតគំនិតឡើងដើម្បីរកលុយតាម YouTube ត្រូវបាន Nas Daily រៀបរាប់អំពីដំណើរដើមទង ភាពអស្ចារ្យនៃគំនិតច្នៃប្រតិដ្ឋ និងទេពកោសល្យផ្នែកហត្ថកម្មរបស់ជនជាតិខ្មែរ។
គួររំឭកទៅ Nas Daily បានបង្ហាញត្រង់ចំណុចមួយចាក់ដោតអារម្មណ៍ផងនោះ គឺ លោក ម៉ូលី បានសាងសង់កូនផ្ទះពីដីឱ្យសត្វរស់នៅ ដែលគំនិតនេះកើតឡើងនៅពេលដែលលោកបានប្រទះឃើញឆ្កែបីក្បាលត្រូវបានគេបោះបង់ចោល។ លោកក៏ចង់រក្សាសំណង់នេះឱ្យបានយូរ ដោយរិះរកវិធីការពារពីទឹកភ្លៀងផងដែរ។
គួរឱ្យដឹងដែរថា វីដេអូផ្សព្វផ្សាយស្នាដៃសំណង់ពីដីខាងលើ Nas Daily ធ្លាប់បានបង្ហោះកាលពីពីរឆ្នាំមុនម្តងនៅលើ YouTube ដែលទទួលបានអ្នកចូលទស្សនារាប់លាននាក់នៅជុំវិញពិភពលោក។ ចំណែកការបង្ហោះថ្មីថ្មោងនៅលើ TikTok ក៏កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីគួរឱ្យកត់សម្គាល់ផងដែរ៕
@nasdaily They Built An Empire From Mud Have you seen these guys on the Internet? Watching them is like therapy to me. But I was really interested to hear their background story. So, of course…I chased them down to tell you their story!