ក្តៅល្មមឆ្អិន! ទិញបង្គាស្រស់ប្រុងយកធ្វើម្ហូប តែភ្លេចយកចេញពីកែបម៉ូតូ ទម្រាំនឹកឃើញទៅយក បង្គាស្រស់ក្លាយជាបង្គាស្រុសបាត់
រឿងរ៉ាវដ៏ហួសចិត្តរបស់បុរសជនជាតិថៃម្នាក់ ត្រូវបានចែកចាយពេញបណ្តាញសង្គម ដោយគេបានទិញបង្គាស្រស់ហើយភ្លេចនៅក្នុងកែបម៉ូតូ ស្រាប់តែយកចេញមកវិញក៏ឆ្អិនបាត់ ព្រោះតែកម្តៅអាកាសធាតុមិនធម្មតារបស់ផែនដីនៅក្នុងខែនេះ។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើជាអ្នកខេត្តភូកេត ថ្ងៃមួយនោះគេបានជិះទៅទិញបង្គាស្រស់នៅម៉ោងប្រមាណ ៨ ព្រឹក រួចក៏ត្រឡប់មកវិញ ហើយក៏ភ្លេចបង្គានៅក្នុងកែបម៉ូតូ ហើយតុកម៉ូតូចតចោលហាលថ្ងៃ។ ស្រាប់តែ ៤ ម៉ោងក្រោយ នៅប្រមាណជាថ្ងៃត្រង់ គេក៏បានត្រឡប់ទៅរកបង្គាវិញ ស្រាប់តែដកចេញមកឃើញបង្គាប្រែពណ៌ហាក់ដូចជាឆ្អិនបាត់ទៅហើយ ពិតជាគួរឱ្យហួសចិត្តណាស់ មិននឹកស្មានថាអាកាសធាតុក្តៅដល់ថ្នាក់នេះនោះទេ។
យ៉ាងណាមិញ មហាជនឃើញហើយក៏ហួសចិត្តដូចគ្នា ហើយអ្នកទៀតក៏ណែនាំមិនឱ្យយកបង្គានេះទៅបរិភោគនោះទេ មើលទៅវាអាចបង្កឱ្យមានគ្រោះថ្នាក់បាន ព្រោះតែការទុកចោលយូរជាមួយនឹងកម្តៅបែបនេះ៕