ឆ្នាំនេះភ្នំពេញ និង បាត់ដំបងឈ្នះគេ! នាគរចនាប័ទ្មសម័យកណ្ដាលនៅវត្តភ្នំ និង នាគក្បាល ៥ នៅបាត់ដំបង កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនខ្លាំង
កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឬ សង្ក្រាន្តឆ្នាំថ្មីរបស់ខ្មែរ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេនឹងចូលមកដល់ ពោលគឺនៅថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ ដែលត្រូវវេនបុត្រីពៅទី ៧ មានព្រះនាម មហោធរាទេវី។
ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែកៀកមកដល់នោះ គេសង្កេតឃើញនៅតាមខេត្ត ខណ្ឌ ស្រុក ភូមិ វត្តអារាម និង នៅតាមស្ថាប័នឯកជន រដ្ឋ នានា ក្នុងព្រះរាជាណាច្រកម្ពុជា មានការរៀបចំតាំងលម្អ និង បានដាក់ស្លាកសួស្តីឆ្នាំថ្មី ឬ សង្ក្រាន្តឆ្នាំថ្មី ដែលមានបែបផែនស្រស់ស្អាតដោយឡែកពីគ្នា ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ដែលនេះជាការចូលរួមមួយបង្ហាញដល់អន្តរជាតិអំពីពិធីបុណ្យប្រចាំជាតិដ៏ធំរបស់កម្ពុជា។
យ៉ាងណាមិញ ងាកមកមើលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឆ្នាំនេះបានរៀបចំយ៉ាងអធិកអធមណាស់ ដោយមានការតុបតែលម្អយ៉ាងស្រស់ស្អាតតាមទីតាំងមួយចំនួន និង តាមដងផ្លូវនានា ហើយអ្វីដែលពិសេសនោះគឺនៅទីតាំងវត្តភ្នំដូនពេញតែម្តង មានការរំលេចភ្លើងពណ៌យ៉ាងស្រស់ត្រកាល ជាមួយនឹងរៀបចំតាំងលម្អជាច្រើន ក្នុងនោះរូបនាគតំណាងឆ្នាំរោងក៏បានក្លាយជាទីចាប់អារម្មណ៍របស់មហាជនផងដែរ។ រូបនាគក្បាលមួយ ក្នុងទម្រង់រចនាប័ទ្មសម័យកណ្តាលដែលដំឡើងនោះ គឺមានលក្ខណៈស្រស់ស្អាតគួរជាទីចេតនាណាស់។
មិនខុសអ្វីពីរាជធានីភ្នំពេញទេ នៅឯខេត្តបាត់ដំបងវិញក៏មានការចាប់អារម្មណ៍ដែរ បន្ទាប់ពីមានការរៀបចំយ៉ាងស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ អ្វីដែលចាប់អារម្មណ៍ពីលើការរៀបចំនោះទៀតសោទ គឺការដំឡើងរូបនាគក្បាល ៥ យ៉ាងមានអំណាចនៅទីតាំងកណ្តាលក្រុង។ ការដំឡើងនាគក្បាល ៥ នេះ ពិតជាបានបង្ហាញអំពីភាពទាក់ទាញ និង ស្រស់ស្អាតមួយដល់មហាជនជាតិ និង អន្តរជាតិជាច្រើន ឱ្យចង់មកលេងសង្ក្រាន្តនៅទឹកដីខេត្តបាត់ដំបងនេះ៕