ហេតុផលសំខាន់ ៥ យ៉ាង កូនខ្មែរគប្បីលេងល្បែងប្រជាប្រិយនៅរដូវបុណ្យចូលឆ្នាំ
ល្បែងប្រជាប្រិយខ្មែរមានច្រើនយ៉ាងណាស់ រាប់តាំងពី បោះអង្គញ់ ចោលឈូង វាយក្អម ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ លោតបាវ លាក់កន្សែង ទាញព្រ័ត្រ និងពង្រាត់កូនក្រមុំជាដើម។ ល្បែងប្រជាប្រិយ ប្រជាប្រុសស្រី ក្មេងចាស់ កំលោះក្រមុំ ច្រើនតែលេងនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ល្បែងនេះតែងបង្កភាពរីករាយ និងបង្កើតជាអនុស្សាវរីយ៍ពោរពេញទៅដោយស្នាមញញឹម។ ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «ប្រជាប្រិយ» សូមលើកពីហេតុផលសំខាន់ ៥ យ៉ាងដែលយើងគប្បីចូលរួមលេងល្បែងប្រជាប្រិយនៅរដូវចូលឆ្នាំនេះ។
១. រក្សានូវវប្បធម៌ដ៏ថ្លៃថ្លា ៖ ការលេងល្បែងប្រជាប្រិយខ្មែរនឹងជួយរក្សានូវវប្បធម៌ និងប្រពៃណីដែលជាកេរមរតកពីដូនតា ដែលសំខាន់ទៀតនោះ ការលេងល្បែងប្រជាប្រិយខ្មែរ គឺជាការចូលរួមរក្សា និងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយផងដែរ។
២. បង្កើតជាសហគមន៍ដ៏រឹងមាំ ៖ ល្បែងប្រជាប្រិយអាចនាំឱ្យមនុស្សបានមកជួបជុំ បានស្គាល់ បានបង្កើតទំនាក់ទំនង និងចងចំណងមិត្តភាពគ្នាកាន់តែរឹងមាំ។ ជាក់ស្តែង ពេលលេងល្បែងប្រជាប្រិយម្តងៗ យើងតែប្រមូលផ្តុំគ្នាចម្រុះមិនថា ក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង និងអ្នកស្គាល់គ្នាថ្មីៗជាដើម។
៣. អបអរអត្តសញ្ញាណ ៖ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ គឺជាវិធីមួយដើម្បីអបអរអត្តសញ្ញាណ និងមោទកភាពរបស់ខ្មែរ។ វាក៏ពង្រឹងការប្រកាន់ខ្ជាប់នៃភាពជាកម្មសិទ្ធិ និងសាមគ្គីភាពដើម្បីវប្បធម៌។
៤. បង្កើនបរិយាកាសរីករាយ និងការកម្សាន្ត ៖ ល្បែងប្រជាប្រិយតែងផ្តល់នូវភាពសប្បាយរីករាយ សំណើច និងការកម្សាន្តទៅកាន់អ្នកលេង ហើយល្បែងនេះក៏បង្កើនបរិយាកាសរដូវបុណ្យចូលឆ្នាំខ្មែរឱ្យកាន់តែមានភាពអធិកអធម អ៊ូអរ និងរីករាយសាទរគ្រប់ទីកន្លែង។
៥. ជួយដល់សុខភាព ៖ ភាគច្រើននៃល្បែងប្រជាប្រិយខ្មែរតែធ្វើឱ្យរាងកាយមានចលនា និងមានភាពសកម្ម ដែលការសកម្មរាងកាយសប្បាយមិនដឹងហត់នេះហើយ វានឹងជួយដល់សុខភាពដូចជាការធ្វើលំហាត់ប្រាណដូច្នោះដែរ។ ម្យ៉ាងវិញទៀត ល្បែងប្រជាប្រិយក៏ជំរុញដល់ការគិត និងបញ្ញាស្មារតី៕