ញាក់សាច់! បុរសម្នាក់ ជះលុយជាង ៣ ពាន់ដុល្លារ ជិះយន្តហោះពីហូរឡង់ទៅអាមេរិក ដើម្បីមើលសូរ្យគ្រាសពីលើអាកាស
បុរសម្នាក់ បានចំណាយប្រាក់ជាង ៣ ពាន់ដុល្លារ ធ្វើការហោះហើរពីប្រទេសហូរឡង់ ក្នុងរយៈពេលជិត ៣០ ម៉ោង ទៅកាន់សហរដ្ឋអាមេរិក ដើម្បីតែអាចមើលឃើញបាតុភូតសូរ្យគ្រាសពេញលេញដោយផ្ទាល់ក្នុងរយៈពេលត្រឹម ៥ នាទី ពីរយៈកម្ពស់ជាង ៩ ពាន់ម៉ែត្រ។
បុរសរូបនោះដែរ ត្រូវបានឱ្យដឹងថា ជាអ្នកជំនាញផ្នែក IT ម្នាក់មកពីក្រុង Amsterdam ប្រទេសហូរឡង់ បានឃើញទិដ្ឋភាពសូរ្យគ្រាសដោយផ្ទាល់ភ្នែក នៅពេលយន្តហោះរបស់លោកហោះកាត់គន្លងខ្សែនៃរដ្ឋ Missouri-Arkansas។ ទៅដល់ទីនោះ អ្នកបើកបរយន្តហោះ បានបត់បែនយ៉ាងជំនាញដើម្បីអាចឱ្យអ្នកដំណើរដែលអង្គុយទាំងសងខាង អាចបានឃើញទិដ្ឋភាពបាតុភូតដ៏កម្រមួយនេះ។
គួរបញ្ជាក់ផងដែរថា យន្តហោះដែលបុរសជាអ្នក IT ជិះនេះ ជាយន្តហោះមួយក្នុងចំណោមយន្តហោះដ៏ពិសេសរបស់ក្រុមហ៊ុន Delta Airlines ដែលអាចឱ្យអ្នកដំណើរបានឃើញទិដ្ឋភាពសូរ្យគ្រាសពីលើអាកាសបានយ៉ាងច្បាស់ល្អ។ គួររំឭកដែរថា បាតុភូតសូរ្យគ្រាសពេញលេញ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ដែលអាចមើលឃើញនៅសហរដ្ឋអាមេរិកនោះ គឺជាបាតុភូតសូរ្យគ្រាសដ៏កម្របំផុតមួយ ដែលកើតមានឡើងរាប់រយឆ្នាំម្ដង៕