វីដេអូស្ដែងៗ បង្ហាញពីទិដ្ឋភាពបាតុភូតសូរ្យគ្រាសគោចរបាំងព្រះអាទិត្យ ធ្វើឱ្យទីក្រុងទាំងមូលងងឹតដូចយប់
កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ មានបាតុភូតសូគ្រាសពេញដួងបានកើតឡើង ហើយមានប្រទេសធំៗ ៣ ប៉ុណ្ណោះ ដែលអាចមើលឃើញ គឺមានសហរដ្ឋអាមេរិក ម៉ិកស៊ិច និងកាណាដា។
បាតុភូតនេះ បានធ្វើឱ្យប្រជាជនជាច្រើននៅក្នុងប្រទេសខាងលើ បានរង់ចាំមិនតិចនោះទេ ហើយម្នាក់ៗបាននាំគ្នាអង្គុយទស្សនា និងចាំថតដោយការរំភើបភ្ញាក់ផ្អើល។ ក្នុងនោះដែរ មានវីដេអូរបស់នារីម្នាក់ ដែលថតបានបាតុសូរ្យគ្រាសនេះ បានទទួលការចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងបណ្តាញសង្គម ។
វីដេអូនេះ បានថតនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ក្នុងនោះបានបង្ហាញឱ្យឃើញថា នារីរូបនេះ បានលើកទូរស័ព្ទថតទៅកាន់ព្រះអាទិត្យ ឯមាត់ក៏និយាយផង ស្រែកមិនបាត់ ដោយសារតែការភ្ញាក់ផ្អើល និងមិននឹកស្មាន។ មួយភ្លែតក្រោយមក បាតុភូតក៏បានកើតឡើង ដោយព្រះចន្ទ បានចាប់ផ្តើមគោចរមកបាំងចំព្រះអាទិត្យបន្តិចម្តងៗ រហូតទីក្រុងទាំងមូលក៏ក្លាយទៅជាងងឹតឈឹងដូចជាពេលយប់អ៊ីចឹង គឺពិតជាអស្ចារ្យណាស់។
យ៉ាងណាមិញ មិនថាតែមហាជនដែលអាចមើលឃើញផ្ទាល់នោះទេ សូម្បីអ្នកនៅតាមបណ្តាញសង្គម មកពីប្រទេសផ្សេងៗក៏ហាក់មានការរំភើប និងភ្ញាក់ផ្អើលដូចគ្នាផងដែរ ព្រោះបាតុភូតនេះ ជាបាតុភូតកម្រមិនងាយនឹងបានឃើញនោះទេ៕