មហាជនកំពុងវែកញែក ក្រោយបានឃើញការរៀបចំតាំងបង្ហាញរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីអបអរបុណ្យចូលឆ្នាំ
កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឬ សង្ក្រាន្តឆ្នាំថ្មីខ្មែរ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេនឹងចូលមកដល់ ពោលគឺនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ។
ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែកៀកមកដល់នោះ គេសង្កេតឃើញនៅតាមភូមិស្រុក វត្តអារាម ខេត្ត ខណ្ឌ និង នៅតាមស្ថាប័នឯកជន រដ្ឋ នៃព្រះរាជាណាច្រកម្ពុជា មានការរៀបចំតាំងលម្អ និង បានដាក់ស្លាកសួស្តីឆ្នាំថ្មី ដែលមានបែបផែនស្រស់ស្អាតទៅតាមតំបន់នីមួយៗនោះ ដើម្បីអបអរឆ្នាំថ្មី ដែលនេះជាការចូលរួមមួយបង្ហាញដល់អន្តរជាតិអំពីពិធីបុណ្យប្រចាំជាតិដ៏ធំមួយរបស់កម្ពុជា។
យ៉ាងណាមិញ ថ្មីៗនេះគេឃើញមានការចែករំលែកមួយបានកើតឡើង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Vanthoeung Thach បានបង្ហោះរូបភាពមួយសន្លឹកនៃការតាំងបង្ហាញការអបអរបុណ្យចូលឆ្នាំថ្មីនៅទីតាំងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ពិតណាស់ ការតាំងបង្ហាញនៅព្រលានយន្តហោះបែបនេះ បានធ្វើឱ្យមហាជនផ្ទុះការវែកញែកជាច្រើន ដោយមតិជារួមថាក្នុងនាមជាកន្លែងដែលមានភ្ញៀវបរទេចេញចូលឥតដាច់ ហេតុអ្វីបានជាមានការរៀបចំហាក់មិនស័ក្តិសមដូច្នេះ។ ស្របគ្នានេះ ម្ចាស់គណនីខាងលើក៏បានបង្ហោះសារយ៉ាងខ្លីមួយដែរថា ៖ សុំយោបល់ម្នាក់មួយមក តាំងពិព័រណ៍នៅមុខច្រកចេញព្រលានយន្ដហោះអន្តជាតិពោចិនតុង #សួស្ដីឆ្នាំថ្មី៕