(វីដេអូ) ឈ្មោះខេត្តកំពង់ចាម មានពាក់ព័ន្ធនឹងជនជាតិអ៊ីស្លាមមែនដែរឬអត់? តស់ មកដឹងដំណើរទំនងឈ្មោះខេត្តនេះ!
ខេត្តកំពង់ចាម គឺជាទឹកដីដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅលើដីទំនាបកណ្ដាលនៃទន្លេមេគង្គ។ ខេត្តនេះមានព្រំប្រទល់ភាគខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងជើង និង ឦសានជាប់ខេត្តកំពង់ធំ និង ខេត្តក្រចេះ ភាគខាងកើតជាប់ខេត្តត្បូងឃ្មុំ និង ភាគខាងត្បូង ជាប់ខេត្តព្រៃវែង និង ខេត្តកណ្ដាល។
ខេត្តកំពង់ចាម ត្រូវបែងចែកជា ២ ខេត្តជាផ្លូវការ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ ដោយដីទាំងអស់នៅភាគខាងលិចទន្លេមេគង្គ នៅរក្សាក្រោមខេត្តកំពង់ចាមដដែល។ ដោយឡែកដីនៅខាងកើតទន្លេមេគង្គ បានប្រែក្លាយទៅជាខេត្តត្បូងឃ្មុំវិញ។
កំពង់ចាម គឺខេត្តដ៏ចំណាស់មួយដែលមានស្លាកស្នាមប្រវត្តិសាស្ត្រយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងវត្ថុបុរាណផ្សេងៗ ដែលនៅសេសសល់ជាច្រើនកន្លែងក្នុងទឹកដីមួយនេះ។ មិនត្រឹមប៉ុណ្ណឹងទេ ខេត្តកំពង់ចាមក៏មាននៅធនធានធម្មជាតិជាច្រើន ដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ បឹង និង ប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។
យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍លើឈ្មោះរបស់ខេត្តនេះវិញ ប្រិយមិត្តមួយចំនួនបានគិតថា ពាក្យ «កំពង់ចាម» នេះ គឺមានពាក់ព័ន្ធទៅនឹងជនជាតិអ៊ីស្លាម ប៉ុន្តែការពិតឈ្មោះខេត្តនេះ គឺមិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមឡើយ។ បើយោងតាមឯកសារ ដើមឡើយ ក្រុងកំពង់ចាម គឺជាដីកោះ ដែលជាកន្លែងសុំចតនៃសំពៅ និង ទូកក្ដោង។ ពាក្យ «កំពង់ចាម» ក្លាយពីពាក្យ «កំពង់រង់ចាំ» ហើយដោយសារភាសានិយាយពាក្យថា «រង់ចាំ» អាចជំនួសដោយពាក្យថា «ចាំ» ទើបប្រជាជនរស់នៅទីនោះ ទម្លាប់ហៅតៗគ្នាថា «កំពង់ចាំ»។
កំពង់ចាំ ជាកន្លែងមួយនៅក្បែរមាត់ទឹកដែលគេចាំគ្នា ដើម្បីធ្វើដំណើរបន្តឆ្ពោះទៅកាន់ទីណាមួយ ឬ តំបន់ណាមួយទៀត។ ក្រោយមក ច្រើនតំណទៀត ពាក្យ «កំពង់ចាំ» នេះ ក៏ក្លាយទៅជាពាក្យ «កំពង់ចាម» ដោយហេតុថាជនជាតិមួយចំនួនមកប្រាស្រ័យទាក់ទងគ្នានៅទីនោះ អាន ឬ និយាយមិនច្បាស់ពាក្យនេះ ក៏ក្លាយទៅជាពាក្យ «កំពង់ចាម» រហូតមកដល់សព្វថ្ងៃទៅ។ ក្នុងគោលដៅរំឭកប្រវត្តិនៃឈ្មោះខេត្តនេះដែរ ខាងអាជ្ញាធរខេត្តកំពង់ចាម ក៏បានសាងសង់រូបសំណាកមួយចំនួនដើម្បីពន្យល់ប្រវត្តិនៃខេត្តមួយនេះផងដែរ ដែលជារូបសំណាកតំណាងអ្នកជំនួញផង ប្រជាជនសាមញ្ញផង ដែលរស់នៅជុំគ្នានៅកំពង់មាត់ទឹក មុននឹងចេញដំណើរទៅកន្លែងនានា៕