(វីដេអូ) ប៉ៃលិន ជាខេត្តមួយហ៊ុមព័ទ្ធដោយខេត្តបាត់ដំបង តែមានដឹងអត់ ហេតុអ្វីបានជាមានឈ្មោះបែបហ្នឹង?
ប៉ៃលិន គឺជាខេត្តមួយស្ថិតនៅប៉ែកខាងជើងនៃជួរភ្នំក្រវាញ ដែលត្រូវជាភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ ខេត្តប៉ៃលិន គឺព័ទ្ធជុំវិញដោយខេត្តបាត់ដំបង និង ត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបង ឱ្យក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក។ យ៉ាងណាមិញ ប្រិយមិត្តមួយចំនួនប្រហែលជាមិនធ្លាប់បានដឹងពីមុនមកទេថា ខេត្តប៉ៃលិននេះ ដំបូងឡើយគឺមិនមែនហៅឈ្មោះបែបនេះនោះឡើយ។ ដូចនេះ ចេះតែឆ្ងល់ នឹងបើកបង្ហាញពីប្រវត្តិឈ្មោះនៃខេត្តប៉ៃលិននេះ ឱ្យគ្រប់គ្នាបានដឹង។
បើតាមរដ្ឋបាលខេត្តប៉ៃលិន បានរៀបរាប់ពីប្រវត្តិខេត្តថា ពាក្យ «ប៉ៃលិន» គឺក្លាយមកពីពាក្យ «ភេលេង» ដោយមានរឿងនិទានដំណាលតៗគ្នាថា កាលពីឆ្នាំ ១៨៤៦ មានព្រានប្រមាញ់ជនជាតិកូឡា និង ខ្មែរសុរិន្ទមួយក្រុម បាននាំគ្នាមកស្នាក់នៅក្នុងស្រុកទ័ពជ័យ ខេត្តច័ន្ទប៊ុន (ដែលបច្ចុប្បន្នថៃហៅថា តាប់សៃ ខេត្តច័ន្ទបុរី)។ ក្រុមព្រានទាំងនោះ បានតាមបរបាញ់សត្វរហូតមកដល់ទឹកដីព្រៃភ្នំដងអូរ ហើយក៏ប្រទះឃើញសត្វភេកំពុងលេងទឹក ក៏នាំគ្នាចុះទៅងូតទឹក ដោយពេលនោះពួកគេក៏រើសបានត្បូងថ្ម ឃើញមានពន្លឺផ្លេកស្អាត ក៏យករក្សាទុក។ ព័ត៌មាននេះ ក៏បានលេចឮសុះសាយទៅដល់ជនជាតិកូឡា ឡាវ និង ខ្មែរសុរិន្ទប្រមាណ ២៥ គ្រួសារ ដោយពួកគេបាននាំគ្នាមកតាំងលំនៅ ប្រកបរបរបាញ់សត្វ និង ដើររើសត្បូងដ៏ស្រស់ស្អាតក្នុងតំបន់ភេលេងនេះយកទៅលក់។ ដោយមានការទៅមកញឹកញាប់ ជនទាំងនោះ ក៏បានសន្មតឈ្មោះទីកន្លែងត្រង់នោះថា កន្លែង «ភេលេង» ដែលយកតាមលំនាំហេតុការណ៍អ្នកដែលជួបប្រទះលើកដំបូង។
យ៉ាងណាមិញ ដោយហេតុពលរដ្ឋប្រមាណ ២៥ គ្រួសារនោះ រស់នៅស្រុកសៀម ក៏អានពាក្យ «ភេលេង» នេះក្លាយទៅតាមសម្លេងសៀមបន្តិច គឺពាក្យ «ភេ» ទៅជា «ផេ» ឯ ពាក្យ «លេង» ទៅជា «ឡេន ឬ ឡិន» ដែលរួមមកចេញទៅជា «ផេឡិន»។ លុះមកដល់ឆ្នាំ ១៩០៩ ដែលជាសម័យជនជាតិបារាំងកាន់កាប់ទីកន្លែងតំបន់នេះ ក៏បានរៀបចំជាតំបន់រដ្ឋបាលដោយឱ្យឈ្មោះថា ស្រុករតនៈមណ្ឌល បប៉ៃលិន។ ពាក្យថា «បប៉ៃលិន» គឺផ្សំឡើងដោយពាក្យ «ប» ដែលមានន័យថា អណ្ដូង ជាមួយនឹងពាក្យ «ប៉ៃលិន» ដែលក្លាយមកពីពាក្យថា «ភេលេង» នេះឯង៕