គូជីវិតថ្មីថ្មោងត្រូវដឹង! ចង់រៀបការចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រូវមានឯកសារ ៥ មុខនេះ និង លក្ខខណ្ឌចាំបាច់ ៣ យ៉ាង
កាលពីពេលកន្លងទៅ អគ្គនាយករងនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង បានបង្ហោះសារជូនជាព័ត៌មានដល់សាធារណជនទាំងអស់អំពីសារប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ ទីតាំងធ្វើ ក៏ដូចជាឯកសារភ្ជាប់ ជាដើម។
ជាក់ស្ដែង ឯកឧត្តមបានបញ្ជាក់ឱ្យបានដឹងថា លក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ មានដូចជា ៖
– បុរស នារី ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើង
– ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដែលបានបិទប្រកាសជាសាធារណៈ ផុតរយៈពេល ១០ ថ្ងៃដោយគ្មានការប្តឹងតវ៉ា
– សាក្សីចំនួន ០២ រូបជានីតិជនដែលមានលំនៅដ្ឋានពិតប្រាកដ។
ក្នុងនោះ ឯកសារសម្រាប់ស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ មានដូចជា ៖
– ពាក្យសុំរៀបអាពាហ៍ពិពាហ៍
– សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់សាមីខ្លួនទាំងពីរ
– លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយរបស់សាមីខ្លួនទាំងពីរ
– សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសាររបស់សាមីខ្លួនទាំងពីរ
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួនទាំងពីរ (ប្រសិនបើមាន)។
ចំពោះទីកន្លែងចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺនៅសាលាឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍ខាងនារី ឯតម្លៃនៃការចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺឥតគិតថ្លៃ។ ក្នុងនោះ សារៈប្រយោជន៍នៃសំបុត្រអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ មានដូចជា ៖
– ចុះបញ្ជីអត្រានុកូលដ្ឋានកំណើតរបស់កូន
– ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
– ការពារប្រឆាំងនឹងទ្វេពន្ធភាព
– ការពារទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ
– ទទួលអាហារកិច្ចពេលឪពុកម្តាយលែងលះគ្នា
– សម្រាប់ស្នើសុំប័ណ្ណកម្មសិទ្ធិនានា
– ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗ៕