តុលាការកាត់ទោសឱ្យម្តាយដែលទុកកូនអាយុ ១៦ ខែចោលក្នុងផ្ទះ ១០ ថ្ងៃ ទៅដើរលេងជាមួយប្រុសស្នេហ៍ ជាប់គុកមួយជីវិត
ស្ត្រីអាមេរិក ដែលទៅដើរលេងជាមួយប្រុសស្នេហ៍ ហើយទុកកូនស្រីអាយុ ១៦ ខែចោលក្នុងផ្ទះម្នាក់ឯងរយៈពេល ១០ ថ្ងៃរហូតដាច់ពោះស្លាប់ ត្រូវបានតុលាការកាត់ទោស កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ឱ្យជាប់គុកអស់មួយជីវិត ដោយគ្មានការលើកលែងទោស ទោះក្នុងលក្ខខណ្ឌបែបណាក៏ដោយ។
គួរឱ្យដឹងផងដែរថា ស្ត្រីជាម្ដាយមានឈ្មោះ Kristel Candelario អាយុ ៣២ ឆ្នាំ បានចាកចេញពីផ្ទះរបស់នាងនៅក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដោយទុកកូនស្រីតូចឈ្មោះ Jailyn Candelario ចោលក្នុងអង្រឹងក្មេង ដាក់ត្រឹមទឹកដោះគោប៉ុន្មានដបចោលឱ្យនាងទុកបៅដោយខ្លួនឯងក្នុងនោះ។
នាង Kristel បានទៅដើរលេងជាមួយប្រុសស្នេហ៍នៅប្រទេស Puerto Rico និង ត្រឡប់មកវិញ ឆ្លៀតចូលទៅលេងក្រុង Detroit ទៀត មុនវិលមកផ្ទះនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣។ ពេលបើកទ្វារចូលក្នុងផ្ទះ ក៏ឃើញក្មេងតូច Jailyn ដែលជាកូន គឺលែងកម្រើកដឹងខ្លួន ធ្វើឱ្យ Kristel ជាម្ដាយ ប្រញាប់ទាក់ទងទៅប៉ូលិសប្រាប់ឱ្យប៉ូលិសជួយ ស្រែកប្រាប់ប៉ូលិសថា កូនរបស់នាងបានស្លាប់ហើយ។
អ្វីដែលធ្វើឱ្យមហាជនជាច្រើនលើពិភពលោក អាណិតខ្លោចចិត្តរហូតទប់ទឹកភ្នែកមិនបាននោះ គឺនៅពេលដែលព្រះរាជអាជ្ញាបានរៀបរាប់នូវសភាពក្មេងតូច Jailyn នៅកន្លែងកើតហេតុ។ ពេលប៉ូលិសទៅដល់ អ្វីដែលប៉ូលិសឃើញគឺ Jailyn បានស្លាប់នៅក្នុងអង្រឹង ជាមួយរូបកាយស្គមស្គាំង ខ្លួនប្រលាក់ពេញទៅដោយទឹកនោម និង លាមកខ្លួនឯង ដែលមើលទៅគួរឱ្យសង្វែគជាទីបំផុត។
រឿងរ៉ាវរបស់ស្ត្រីជាម្ដាយ ដែលគ្មានទំនួលខុសត្រូវ គ្មានក្ដីស្រឡាញ់អាណិតចំពោះកូន ទុកឱ្យកូនស្លាប់យ៉ាងវេទនានេះដែរ ត្រូវបានមហាជនអ្នកលេងតាមបណ្ដាញសង្គម TikTok និង ហ្វេសប៊ុក ធ្វើការចែករំលែក បញ្ចេញកំហឹងលើម្ដាយ និងសម្ដែងការអាណិតអាសូរចំពោះក្មេងស្រី Jailyn ជាពន់ពេក៕