បេះដូងសាងពីអ្វី! ម្តាយម្នាក់ទុកកូនអាយុ ១៦ ខែចោលក្នុងផ្ទះ ១០ ថ្ងៃ ទៅដើរលេងជាមួយប្រុសស្នេហ៍ រហូតកូនដាច់ទឹកដាច់បាយស្ល-ា.ប់ទាំងវេទនា
ថ្មីៗនេះរឿងរ៉ាវនៃការស្លាប់ដ៏គួរឱ្យសង្វេគបំផុតរបស់ក្មេងស្រីតូចម្នាក់ វ័យត្រឹម ១៦ ខែ ដែលត្រូវបានម្ដាយចិត្តខ្មៅទុកចោលតែម្នាក់ឯងនៅក្នុងផ្ទះរយៈពេល ១០ ថ្ងៃ ដើម្បីទៅដើរលេងកម្សាន្តសប្បាយជាមួយប្រុសស្នេហ៍ កំពុងផ្ទុះការចែកចាយ និង ផ្ទុះកំហឹងព្រោងព្រាតពីសំណាក់មហាជនអ្នកលេងតាមបណ្ដាញសង្គម TikTok និង ហ្វេសប៊ុក។
តាមព័ត៌មានបានឱ្យដឹងថា ស្ត្រីជាម្ដាយមានឈ្មោះ Kristel Candelario អាយុ ៣២ ឆ្នាំ បានចាកចេញពីផ្ទះរបស់នាងនៅក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដោយទុកកូនស្រីតូចឈ្មោះ Jailyn Candelario ចោលក្នុងអង្រឹងក្មេង ដាក់ត្រឹមទឹកដោះគោប៉ុន្មានដបចោលឱ្យនាងទុកបៅដោយខ្លួនឯងក្នុងនោះ។
នាង Kristel បានទៅដើរលេងជាមួយប្រុសស្នេហ៍នៅប្រទេស Puerto Rico និង ត្រឡប់មកវិញ ឆ្លៀតចូលទៅលេងក្រុង Detroit ទៀត មុនវិលមកផ្ទះនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣។ ពេលបើកទ្វារចូលក្នុងផ្ទះ ក៏ឃើញក្មេងតូច Jailyn ដែលជាកូន គឺលែងកម្រើកដឹងខ្លួន ធ្វើឱ្យ Kristel ជាម្ដាយ ប្រញាប់ទាក់ទងទៅប៉ូលិសប្រាប់ឱ្យប៉ូលិសជួយ ស្រែកប្រាប់ប៉ូលិសថា កូនរបស់នាងបានស្លាប់ហើយ។
អ្វីដែលធ្វើឱ្យមហាជនជាច្រើនលើពិភពលោក អាណិតខ្លោចចិត្តរហូតទប់ទឹកភ្នែកមិនបាននោះ គឺនៅពេលដែលព្រះរាជអាជ្ញាបានរៀបរាប់នូវសភាពក្មេងតូច Jailyn នៅកន្លែងកើតហេតុ។ ពេលប៉ូលិសទៅដល់ អ្វីដែលប៉ូលិសឃើញគឺ Jailyn បានស្លាប់នៅក្នុងអង្រឹង ជាមួយរូបកាយស្គមស្គាំង ខ្លួនប្រលាក់ពេញទៅដោយទឹកនោម និង លាមកខ្លួនឯង ដែលមើលទៅគួរឱ្យសង្វែគជាទីបំផុត។
គួរឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ស្ត្រីជាម្ដាយត្រូវបានរកឃើញថា ពិតជាគ្មានទំនួលខុសត្រូវជាម្ដាយ ទុកកូនចោលជាច្រើនថ្ងៃរហូតដល់ស្លាប់ពិតមែន ហើយនាងត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានការលើកលែងទោសក្នុងលក្ខខណ្ឌអ្វីទាំងអស់៕