ទិន្នន័យដ៏ក្ដុកក្ដួល! អាហារ ១ ពាន់លានត្រូវបោះចោលរៀងរាល់ថ្ងៃ ខណៈមនុស្ស ៨០០ លាននាក់ជួបបញ្ហាអត់ឃ្លាន
ទិន្នន័យផ្លូវការមួយ ដែលបញ្ចេញដោយអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ បានបង្ហាញឱ្យឃើញថា គ្រួសារនៅជុំវិញពិភពលោក បានបោះចោលអាហារចំនួន ១ ពាន់តោនក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០២២ ដែលនេះជាសញ្ញាព្រមានមួយបង្ហាញពី រឿងដ៏សោកសៅនៃការខ្ជះខ្ជាយអាហារជាសកល។
បើតាមការស្ទង់ទិន្នន័យកាកសំណល់អាហារថ្មីចុងក្រោយបង្អស់ ដែលធ្វើឡើងដោយអង្គការ UN សហការជាមួយអង្គការក្រៅរដ្ឋាភិបាល WRAP បានបង្ហាញឱ្យឃើញថា កាកសំណល់អាហារប្រមាណជាង ១ ពាន់លានតោន ដែលស្មើនឹងជិត ២០% នៃអាហារទាំងអស់លើទីផ្សារ ត្រូវបានបោះចោលក្នុងឆ្នាំ ២០២២។ ចំនួននៃអាហារទាំងនេះ គិតជាតម្លៃប្រមាណ ១ ពាន់ពាន់លានដុល្លារ ស្របពេលពិភពលោក មានមនុស្សកំពុងអត់ឃ្លានជិត ៨០០ លាននាក់។
តាមអង្គការ UN បានបញ្ជាក់ថា កាកសំណល់ទាំងអស់នោះភាគច្រើន មកពីគ្រួសារនៅជុំវិញពិភពលោក។ សម្រាប់កាកសំណល់ដែលតាមផ្ទះនីមួយៗបោះចោល គឺប្រមាណ ៦០% គិតជាគីឡូស្មើ ៦៣១ លានតោន។ ដោយឡែក ចំពោះកាកសំណល់អាហារចោលពីខាងភោជនីយដ្ឋាន សណ្ឋាគារ អ្វីជាដើមវិញ គឺមានចំនួន ៣០%៕